ឈានចូលឆ្នាំ២០២២ នេះ The Asian Kitchen (T.A.K) ដែលជាហាងអាហារ​​ល្បីឈ្មោះខាងម្ហូបបែបចិន និងអាស៊ីដ៏ឈ្ងុយឆ្ងាញ់  គ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុន YINKOK FOOD CORP បានបន្តយុទ្ធនាការចែករំលែកអាហារនៃក្ដីស្រលាញ់ចំនួន ៥ ០០០ ប្រអប់ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ឆ្នាំ ២០២២។ ក្នុងសប្តាហ៍ទី៤ នៃខែមករា នេះ The Asian Kitchen (T.A.K) បានចាប់ផ្តើមយុទ្ធនាការចែករំលែកអាហារនៃក្តីស្រលាញ់ ដោយនាំយកអាហារចំនួន ៣៨៥ ប្រអប់ ជូនដល់ក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៤ ជូនដល់ប្រជាពលរដ្ឋ។

យុទ្ធនាការចែករំលែកអាហារនៃក្ដីស្រលាញ់នេះ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១១ បន្តមកដល់ឆ្នាំ ២០២២ នេះ ដើម្បីជាការចូលរួមចំណែកបង្ហាញការអរគុណនិងផ្តល់កម្លាំងចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ ក៏ដូចជាចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ស្របគ្នានឹងការចែករំលែកអាហារនៃក្តីស្រលាញ់ជូនដល់គ្រូពេទ្យជួរមុខ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ នេះ សម្ព័ន្ធក្រុមហ៊ុនយីនកុកហ្វូដខប(YINKOK Food Corp) គឺជាក្រុមហ៊ុនគំរូមួយក្នុងសង្គម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន ដូចជាការចែកអាហារជូនអ្នកខ្វះខាត ការឧបត្ថម្ភអាហារជូនដល់កងកម្លាំងមានសមត្ថកិច្ចក្នុងពេលមានគ្រោះទឹកជំនន់នៅកម្ពុជាកាលពីពេលកន្លងទៅ រួមទាំងការឧបត្ថម្ភអាហារដល់អង្គការកុមារកំព្រានិងអង្គការសប្បុរសធម៌ជាច្រើនទៀត។​ ជាមួយគ្នានេះ ក្រុមហ៊ុនយីនកុកហ្វូដខប (YINKOK Food Corp) ក៏តែងតែចូលរួមថែរក្សានិងសម្អាតបរិស្ថានផងដែរ៕

Share.