នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើដំណើរទស្សនៈកិច្ចការតាំងលក់ផលិតខ្មែរនៅក្នុងស្ថានីយប្រេងឥន្ទៈភីធីធីព្រែកព្នៅ។ ព្រឹត្តិការណ៍ដាក់លក់ផលិតខ្មែរជាច្រើនស្ដង់នេះ ធ្វើឡើង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រចំពោះការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ជាការជួយលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជានៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើននិងកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ចសម្រាប់ចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជា ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដោយសម្លឹងឃើញទីតាំងស្ថានីយប្រេងឥន្ធនៈភីធីធី ជាកន្លែងល្អសម្រាប់តាំងបង្ហាញ និងដាក់លក់ផលិតផលខ្មែរ ទើបសម្រេចឱ្យមានការអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្ម និងស្ថានីយប្រេងឥន្ធនៈភីធីធី កាលពីសប្ដាហ៍មុននេះ។

ដើម្បីជំរុញឱ្យការលក់ផលិតខ្មែរឱ្យកាន់តែមានទីផ្សារទៀតនោះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានមានប្រសាសន៍ថា ៖ «ដើម្បីជំរុញការលក់ផលិតខ្មែរយើងឱ្យកាន់តែមានទីផ្សារ ទី១ គឺយើងត្រូវមានការវេចខ្ចប់ឱ្យស្អាតឱ្យទាក់ទាញ ឱ្យប្រកួតប្រជែងដូចផលិតផលអន្ដរជាតិ ដែលការវេចខ្ចប់នោះគឺសំខាន់។ ទី២គឺគុណភាព និងភាពច្រើនសម្បូរបែប នេះក៏ជាកិច្ចការមួយដែលបងប្អូនយើងមានការយល់ដឹងច្រើន ហើយរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ »។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ដទៀតថា ក្រៅពីនោះក្រសួងពាណិជ្ជកម្មក៏បានចាប់ផ្ដើមជំរុញផលិតខ្មែរឱ្យមានលក់តាមបណ្ដាស្ថានីយប្រេងឥន្ទៈ និងពិព័រណផ្សេងផងដែរ ខណៈប្រទេសកម្ពុជាបានធូរស្បើយបន្តិចពីការរីករាលដាលនៃជំងឺកូវីដ១៩។

យ៉ាងណាមិញ លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក៏បានលើកឡើងថា ៖ «ការតាំងលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ទៈភីធីធី ក៏ជាកិច្ចការងារមួយរបស់ក្រុមហ៊ុនភីធីធី ក្នុងការជួយលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ ទើបធ្វើឱ្យមានចុះ MOU នេះឡើយ។ ក្រុមហ៊ុនភីធីធី ក៏មានគម្រោងពង្រីកការលក់ផលិតខ្មែរនេះ ទៅតាមបណ្ដាស្ថានីយមួយចំនួនទៀត នាពេលថ្ងៃខាងមុខទៀត តែក្នុងឆ្នាំនេះគឺមានតែ ៧ ស្ថានីយជាចំបង។ ផលិតផលខ្មែរជាផលិតដែលល្អ និងមានការវេចខ្ចប់ស្អាត។ ថ្ងៃខាងមុខ យើងនឹងពិចារណាលម្អិតពីផលតផលខ្មែរណាដែលអាចនាំចេញទៅលក់នៅ ភីធីធី​(PTT) ប្រទេសថៃបាន»។

ផលិតផលដែលដាក់លក់នៅក្នុងស្ថានីយប្រេងឥន្ធនៈភីធីធីមានដូចជា ផ្លែឈើតាមរដូវកាល នំ និងផលិតផលធ្វើដោយដៃតាមតំបន់ (វត្ថុអនុស្សារីយ៍)។ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងផ្តល់ទីតាំងលក់ដោយឥតគិតថ្លៃ ដោយធ្វើជាស្តង់រួមមួយដែលអាចឱ្យអាជីវករចូលលក់មិនលើសពី ១០នាក់។ ការតាំងលក់នេះចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ២ ខែកុម្ភៈ នេះតទៅ ដែលទីតាំងទាំងនោះរួមមាន៖ ភីធីធីរាជធីភ្នំពេញ ដូចជា ភីធីធីច្បារអំពៅ ភីធីធីព្រែកព្នៅ ភីធីធីព្រៃកី, ភីធីធីអប្សរាខេត្តសៀមរាប, ភីធីធីខេត្តកំពង់ឆ្នាំង, ភីធីធីស្គន់២ខេត្តកំពង់ចាម និងខេត្តតាកែវ៕

Telegram-Troryorng
Share.