ដូចមហាជនបានដឹងមកហើយថា បទចម្រៀងដែលមានចំណងជើងថា «ព្រះច័ន្ទ » គឺជាការបកស្រាយដោយតារាចម្រៀងស្រី អែន ជេឡា ធ្លាប់បានបញ្ចេញតាំងពីអំឡុងឆ្នាំ២០១៤នៅក្នុងផលិតកម្ម M Production ។ បើទោះបីជាមួយរយៈកាលក្រោយដែលកញ្ញា អែន ជេឡា បានបាត់មុខពីវិស័យសិល្បៈក៏ពិតមែន ក៏ប៉ុន្តែបទចម្រៀងមួយបទនេះ នៅតែដក់ជាប់ក្នុងក្រអៅចិត្តរបស់ហ្វេនជានិច្ច។

យ៉ាងណាក្ដីដើម្បីកាន់តែធ្វើឱ្យហ្វេនអ្នកគាំទ្រប្លែកអារម្មណ៍ជាមួយបទនេះម្ដងទៀត កញ្ញា អែន ជេឡា បានសម្រេចធ្វើបទចម្រៀងនេះជា Version Remake ដោយលាយបញ្ជូលភ្លេងថ្មី និងស្ទាយច្រៀងបែបថ្មី។ តើបទនេះប្លែកពីបទមុនយ៉ាងណាខ្លះ?

បទ «ព្រះច័ន្ទ» ដែលជា Version Remake ស្ដាប់ទៅមានអារម្មណ៍អណ្ដែតអណ្ដូងជាងមុនណាស់ ពីព្រោះថា បទថ្មីនេះមានការលាយបញ្ចូលជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ដូចជា ខ្លុយ រនាថ និងស្គរដៃជាដើម។ ជាពិសេសបទចម្រៀងនេះ កញ្ញា អែន ជេឡា បានប្រើ​ប្រាស់ស្ទាយក្នុងការបកស្រាយបែបថ្មីផងដែរ និងបានបន្ថែមឃ្លាដ៏ទាក់ទាញមួយទៀតនៅចន្លោះកណ្ដាលសាច់ភ្លេង គឺបន្ថែមឃ្លា ៖ «អើង… ហាអើងអើយ»។ មួយឃ្លានេះស្ដាប់ទៅកាន់តែធ្វើឱ្យអ្នកគាំទ្រចូលអារម្មណ៍សោកសៅទៅតាមបទចម្រៀងថែមទៀត។

កញ្ញា អែន ជេឡា ធ្លាប់ប្រាប់អ្នកសារព័ត៌មានត្រយងថា នាពេលថ្មីៗនេះកញ្ញាបានព្យាយាមផលិតបទចម្រៀងដោយខ្លួនឯងដោយមិនជ្រកផលិកម្ម ព្រមទាំងរៀបចំគោលដៅថ្មីលើវិថីសិល្បៈដោយខ្លួនឯងតែម្ដង។ កញ្ញាថា កញ្ញានឹងមានបទមនោសញ្ចេតនាច្រើនបទទៀត ត្រៀមបង្ហាញអ្នកគាំទ្ររបស់កញ្ញា។ កញ្ញា អែន ជេឡា រំពឹងថា ហ្វេនគ្រប់គ្នានៅតែស្រឡាញ់និងចង់ស្ដាប់បទរបស់កញ្ញានៅក្នុងបេះដូងដដែរ។

បទ « ព្រះច័ន្ទ – Remake » គេឃើញមានការសម្រួលតន្ត្រីដោយលោក ដា ភ្លេង ដែលធ្លាប់ជាសិល្បករ និងតន្ត្រីករប្រចាំផលិតកម្មថោន។ សូមរម្លឹកបន្ដិចថា «ព្រះច័ន្ទ » ជាការសរសេរទំនុកច្រៀងដោយកវីនិពន្ធ សិរី ម៉ារ៉ាឌី ។ ចង់ដឹងថា បទថ្មីនេះពីរោះខ្លាំងកម្រិតណានោះ តោះទស្សនាវីដេអូក្នុងយូធូបឆាណែល Angella -Official៖

Telegram-Troryorng
Share.