ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមិនរើសមុខ លួចយកបានក្រវិលកំប៉ុងត្រូវរង្វាន់ និងកាតទូរស័ព្ទ ពីកន្លែងអ្នកលក់ដូរ បានហើយនាំគ្នាគេចខ្លួន ត្រូវបានជនរងគ្រោះ មេភូមិ ប្រជាការពារ តាមចាប់ខ្លួនបក្ខពួកបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងដកហូត ក្រវិលកំប៉ុង និងកាតទូរស័ព្ទ បានមកវិញ នៅផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលកាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

ជនសង្ស័យចាប់បានម្នាក់ ឈ្មោះ សំ បូរ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន លី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ លក់ដូរ ភេសជ្ជៈតាមផ្លូវ នៅកន្លែងកើតហេតុ ។ សម្ភារៈដែលជនសង្ស័យលួចបាន ក្រវិលកំប៉ុង ត្រូវរង្វាន់ កាតទូរស័ព្ទ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅវេលារំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ខណៈដែលគាត់២នាក់ប្តីប្រពន្ធ ដេកលង់មួយភាំង នៅកន្លែងលក់ដូរចិញ្ចើមផ្លូវ (កន្លែងកើតហេតុ) ស្រាប់តែជនសង្ស័យមួយក្រុម លបលួចថង់ច្រកក្រវិលកំប៉ុងសែលមានត្រូវរង្វាន់ និងកាតទូរស័ព្ទ ភ្ញាក់ដឹងខ្លួនភ្លាមៗ ឃើញក្រុមជនសង្ស័យដើរចាកចេញទៅហើយ តែហៅមិនឈប់ ទើបប្តឹងមេភូមិ នៅក្បែរនោះ និងកម្លាំងប្រជាការពារ ជួយដេញតាម ចាប់បានម្នាក់ គេចខ្លួនបាត់៤នាក់ ។

បើតាមសម្តីជនសង្ស័យម្នាក់ដែលចាប់ខ្លួនបាន បានឲ្យដឹងថា ឈ្មោះ ញ៉ាញ់ ជាអ្នកលួចក្រវិលកំប៉ុងទាំងនោះ ។ ជនសង្ស័យបន្តទៀតថា ពេលដែលដើរឆ្លងកាត់ កន្លែងជនរងគ្រោះលក់ដូរ ឆ្លៀតឱកាសឃើញជនរងគ្រោះដេកលក់ ឈ្មោះញ៉ាញ់ លបលួចយកថង់ មួយ មានច្រកសុទ្ធតែក្រវិលកំប៉ុង និងកាតទូរស័ព្ទ បានហើយយកឲ្យរូបគេជាអ្នកទុក គ្រាន់ដោះដូររង្វាន់ និងទុកដូរជាមួយនឹងថ្នាំញៀន ។

តែទោះជាយ៉ាងណាក្តី បក្ខពួកជនសង្ស័យលួចម្នាក់ បន្ទាប់ពីឃាត់ខ្លួនបាន មេភូមិនាំខ្លួនយកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅទៅ៣ ដើម្បីសាកសួរតាមនីតិវិធី ៕

Share.