បាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង ៨០នាក់ដែលឆ្លងដែនខុសច្បាប់ត្រូវបានទាហានថៃបញ្ជូនបញ្ជូនប្រគល់ឲ្យមកសមត្ថកិច្ចតំបន់ដែនវិញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ២០២២ ។

នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា អនុវត្តតាមគោលការណ៍ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លើការងារត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់ខ្លួន ដោយកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ រួមទាំងគ្រូពេទ្យបានចុះទទួលពលករខ្មែរប្រុសស្រីឲ្យវិលត្រឡប់មកស្រុកវិញពីភាគីថៃ សរុបចំនួនចំនួន ៨៦នាក់ ក្នុងនោះបុរសចំនួន ២៦នាក់ ស្ត្រីចំនួន ៤៣នាក់ និងក្មេងតូចៗ ១៧នាក់ផងដែរ។

តាមកិច្ចយោគយល់ប្រគល់ទទួលនេះ ធ្វើឡើងត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង រួចកម្លាំងពាក់ព័ន្ធអនុវត្តវិធានការសាកសួរ និងអប់រំណែនាំ ក្នុងនោះដែរក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស លទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់។

ប្រភពខាងលើបន្ថែមថា÷ ក្នុងចំណោមពលករខ្មែរប្រុសស្រីដែលភាគីទាហានថៃឃាត់ខ្លួនបញ្ជូនត្រឡប់មកវិញនេះ មានពលករចំនួន ៣៥នាក់ដែលបានទទួលវ៉ាក់សាំងរួចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ក្រៅពីនេះចំពោះពលករដែលមិនទាន់មានកាតផ្តល់វ៉ាក់សាំងត្រូវបញ្ញូនទៅធ្វើចត្តាឡីស័ក ក្នុងស្រុកសំពៅលូន៕

អត្ថបទ៖ ដំបងក្រញូង

Share.