(បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការបើកជំនាញថ្មី «បរិញ្ញាបត្រការសិក្សាប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Multi-Media Studies) » ក្រោមអធិបតីភាពលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គ្រូបង្រៀន បុគ្គលិក និងនិស្សិតចំនួន៦០នាក់ ក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

លោកយឹង ហាក់ ព្រឹទ្ធបុរស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ បានឡើងធ្វើរបាយការណ៍សង្ខេបពីដំណើរការនៃការបណ្តុះបណ្តាល និងការបង្កើតថ្មីនៃមុខជំនាញប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្នុងកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញការសិក្សាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ត្រូវបានរៀបចំបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គមកម្ពុជាលើវិស័យផ្សព្វផ្សាយឌីជីថល សម្រាប់បម្រើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ជាពិសេសនៅភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ មុខជំនាញនេះផ្តោតសំខាន់ទៅលើការបង្កើតចំណេះជំនាញផ្នែកបង្កើត និងនិពន្ធវីឌីអូផ្សព្វផ្សាយតាមបែបពាណិជ្ជកម្ម ឯកសារព័ត៌មាន និងភាពយន្តខ្នាតតូចឬធំ ក្នុងគោលបំណងបង្កើតការលក់តាមទីផ្សារបែបឌីជីថល ផ្សព្វផ្សាយព័ត៌មានពិតតាមរយៈអ្នកមានវិជ្ជាជីវៈត្រឹមត្រូវតាមបណ្តាញសង្គម និងបង្ហាញពីតម្លៃវប្បធម៌អប់រំក្នុងអរិយធម៌ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរនៅពេលវិស័យនេះ ភាពរីកចម្រើន និងមានលទ្ធភាពក្នុងការបង្កើតធនធានមនុស្សបានច្រើន ការផ្សព្វផ្សាយតាមឌីជីថលក្នុងប្រទេសកម្ពុជា និងមានភាពធំទូលាយ និងប្រកបដោយសុក្រឹត្យភាព និងតម្លាភាព។

លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាំតិបាត់ដំបង បានមានមតិស្វាគមន៍អង្គពិធីទាំងមូល និងបានលើកឡើងពីការរីកចម្រើនរបស់សកលវិទ្យាល័យក្នុងរយៈពេលកំណែទម្រង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមស សុខា ប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យា  ល័យជាតិបាត់ដំបង និងឯកឧត្តមសាកលវិទ្យាធិការ។ លោកបណ្ឌិតបា​នវាយតម្លៃខ្ពស់ចំពោះកម្មវិធីសិក្សានេះពិតជានឹងបានរួមចំណែកផលិតធនធានមនុស្សដែលមានសមត្ថភាព និងគុណវុឌ្ឍិឆ្លើយបតទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថល  កម្ពុជា ២០២១-២០៣៥ ដែលឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានសរសរស្តម្ភសំខាន់ៗចំនួន ៣ គឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរៈកិច្ចឌីជីថល និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ លោកសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយទាំងពីរនេះ និងគោលនយោបាយចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០នឹងជួយនាំកម្ពុជាទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៣០។

លើសពីនេះទៅទៀត លោកបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងសហការីដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសិក្សា និងកម្មវិធីសន្និសីទសារព័ត៌មាន លេចចេញជារូបរាងប្រកបដោយជោគជ័យ និងមោទនភាព។ លោកក៍បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ លោកគ្រូ ឈន ប៊ុនហំ អ្នកគ្រូសំ លក្ខិណា និងសហការី​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងបាន​ចូលរួមចំណែកយ៉ាងសកម្មដោយបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ​និងថវិកា ក្នុងការជួយរៀបចំកម្មវិធីសិក្សា ការជ្រើសរើសគ្រូបង្រៀន​និងសម្ភារៈឧបទ្ទេសបង្រៀនដូចជាការរៀបចំបន្ទប់ស្ទូតយូ និងឧបករណ៍បម្រើដល់ដំណើរការបង្រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះទៀតផង។

លោកសាស្រ្តាចារ្យ ឈន ប៊ុនហំ និងលោកស្រីសាស្រ្តាចារ្យ សំ លក្ខិណា ជាសាស្ត្រាចារ្យជំនាញបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើបទបង្ហាញពីបច្ចេកទេសក្នុងការបណ្តុះបណ្តាលជំនាញថ្មីនេះ ដើម្បីឱ្យនិស្សិតក្លាយទៅ៖

  • ជាអ្នកជំនាញនិពន្ធគំនិតអប់រំក្នុងវីដេអូផ្សព្វផ្សាយតាមវិស័យនានា
  • ជាអ្នកសារព័ត៌មានអាជីពដែលមានវិជ្ជាជីវៈត្រឹមត្រូវ
  • ជាបុគ្គលកាត់តវីដេអូ ឬអ្នកថតជំនាញ
  • ជាមន្ត្រីរាជការតាមក្រសួង មន្ទីរនានាពាក់ព័ន្ធនឹងជំនាញផ្សព្វផ្សាយ
  • ជាអ្នកស្រាវជ្រាវផ្នែកទីផ្សារ
  • ជាអ្នកផលិតភាពយន្តខ្នាតតូច ឬខ្នាតធំ
  • ជាអ្នកគ្រប់គ្រងជំនួញខាងផ្សព្វផ្សាយឌីជីថល។

សូមរំលឹកដែរថា បរិញ្ញាបត្រការសិក្សាប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានទទួលការឧបត្ថម្ភបច្ចេកទេស និងហិរញ្ញវត្ថុដោយសហគមន៍អ៊ឺរ៉ុបតាមរយៈគម្រោង អ្នកសារព័ត៌មាននៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Journalism Erasmus Project) រាជរដ្ឋាភិបាលកម្ពុជា និងសាកលវិទ្យាល័យដៃគូនៅទ្វីបអាស៊ី និងអ៊ឺរ៉ុប ជាពិសេសប្រទេសអូស្រ្តីលី ។

Share.