ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ជិះរថយន្តស៊េរីទំនើបម៉ាកបែនលីពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-2555 បើកបរតាមបណ្ដោយផ្លូវលេខ 598 ក្នុងទិសដៅពីជើងទៅត្បូង ដូចក្នុងរឿងហុងកុងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករនាំងថ្មចែកទ្រូងផ្លូវ រួចជ្រុលចង្កូតមកបុកជាមួយនឹងរថយន្តកាមរីហាយប៊្រីដមួយគ្រឿង ពណ៌សជិះគ្នា៣នាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-7389 បើកបរក្នុងទិសដៅស្របគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងក្រោយខ្ទិចមួយកំណាត់ ចំណែកឯរថយន្តបង្ករមិនទាន់ឈប់ទេ ដោយនៅបន្តល្បឿនទៅមុខទៀតប្រហែល២០០ម៉ែត្រ ក៏បានប៉ះរថយន្តក្រុមហ៊ុនកាប់ពីតូល ដែលចតចោលនៅខាងស្តាំដៃ រួចបន្តបុកចូលរបងឃ្លាំងរថយន្តមួយកន្លែងទៀត បណ្ដាលអោយបាក់ពីរផ្ទាំងទៀត ចំណែករថយន្តបង្ករ រងការខូចខាតផ្នែកខាងមុខ បែកម៉ាស៊ីនហូរប្រេងពេញផ្លូវទើបរថយន្តទៅមុខលែងរួច។ ជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ករណីនេះកើតឡើងនៅយប់ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2022 ក្នុងសង្កាត់ទួលសង្កែ 2 ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងនិងស្ទូចរថយន្តទាំងពីរ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Share.