(បន្ទាយមានជ័យ)៖ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះដល់ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅចំណុចក្លឹបថច់ដោន នៅក្នុងតំបន់កាស៊ីហ្គោលដិនក្រោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងខាងលើផ្ទាល់តែម្តង តែពេលចុះបង្ក្រាបនោះ ជាក់ស្តែងគឺពុំមានឃើញអ្នកញៀនល្បែងណាមួយឡើយ ហើយទីតាំងខាងលើនេះ ក៏ត្រូវបានចាក់សោរបិទទៀត។ ទោះបីជាយ៉ាងណាក្តីលោកនិងដាក់កម្លាំងតាមដានបន្ថែមទៀត ក្រែងលមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់បន្ត។

អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ថា បើសិនជាមានករណីបើកលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ ដែលក្រុមជនខិលខូច តែងតែលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្វែងដានសមត្ថកិច្ច នោះសូមឱ្យពលរដ្ឋ ប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា៕

Share.