ភ្នំពេញ៖ បើតាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា ដំបូងខ្លួនកំពុងតែសម្រាកនៅក្នុងផ្ទះស្រាប់តែឮសូប្រាវ ក៏ទាញទូរសព្ទបើកមើលកាមេរាសុវត្ថិភាពឃើញរថយន្តមួយគ្រឿងម៉ាក NISSAN PATHFINDER បើកបរតាមបណ្ដោយផ្លូវលេខ 2005  ជិះគ្នា6 នាក់ ក្នុងទិសដៅពីត្បូងទៅជើង បើកឆ្លងផ្លូវរទេះភ្លើងមកដល់ក្នុងបុរី high land ក៏បានរេចង្កូតបុកចូលផ្ទះ លេខ 59 ពេញទំហឹងលាន់សូប្រាវ បណ្ដាលឲ្យរងការខូចខាតបាក់បែកទ្វាផ្ទះយ៉ាងដំណំ។

បន្ទាប់ពីបើករថយន្តបង្ករអោយមានគ្រោះថ្នាក់បុកចូលផ្ទះប្រជាពលរដ្ឋហើយអ្នកបើកបររថយន្តរួមជាមួយអ្នកដំណើរចំនួន 6 នាក់ បានបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តរងការខូចខាតនៅមុខផ្ទះប្រជាពលរដ្ឋ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្កយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ជាមួយម្ចាស់ផ្ទះនៅពេលក្រោយ។

Share.