
អតីតជម្រើសជាតិអេស្ប៉ាញ Xavi Hernandez បានសម្រេចបន្តកិច្ចសន្យាដឹកនាំក្លិបបាល់ទាត់ Al Sadd នៅក្នុងលីគប្រទេសកាតារQatar Stars League រហូតដល់ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងដូហា នៅលើបណ្ដាញសង្គម twitter។
ក្រោយចាកចេញពីក្លិបយក្ស FC Barcelona របស់អេស្ប៉ាញនៅឆ្នាំ២០១៥ Xavi បានប្តូរក្លិបទៅចូលរួម Al Sadd តែម្តងដែលកាលណោះនៅជាកីឡាករនៅឡើយនោះទេ ហើយនៅឆ្នាំ២០១៩ រូបគេបានប្រកាសព្យួរស្បែកជើងក្នុងនាមជាកីឡាករអាជីព ប៉ុន្តែរូបគេត្រូវបានក្លិបតែងតាំងជាគ្រូបង្វឹកតាំងពីពេលនោះតែម្តង។
អត្ថបទពាក់ព័ន្ធ៖ថ្ងៃខួប៣៧ឆ្នាំ កីឡាករ Andrés Iniesta បន្តសោយសុខនៅប្រទេសជប៉ុន ដល់ឆ្នាំ២០២៣
ពេលទៅដល់កាតារ ក្នុងនាមជាកីឡាករ Xavi ធ្លាប់ជួយក្រុមឈ្នះពានរង្វាន់មួយចំនួនដូចជា លីគកំពូលប្រទេសកាតារ នៅឆ្នាំ២០១៨-១៩ ពានរង្វាន់ Qatar Cupឆ្នាំ២០១៧ ពាន Qatari Super Cupឆ្នាំ២០១៧ និងពាន Emir of Qatar Cup ឆ្នាំ២០១៧ជាមួយគ្នា។
តែក្រោយពេលឡើងធ្វើជាអ្នកដឹកនាំក្រុមបុរសវ័យ៤១ឆ្នាំរូបនេះបានជួយ Al Sadd ឈ្នះពានរង្វាន់លីគគំពូលកាតារឆ្នាំ២០២០-២១ ពាន Qatar Cup ឆ្នាំ២០២០ និង២០២១ ពានរង្វាន់ Qatari Super Cupឆ្នាំ២០១៩ ពានរង្វាន់ Emir of Qatar Cupឆ្នាំ២០២០ និងពាន Qatari Stars Cup ឆ្នាំ២០១៩-២០។
ក្លិបAl Sadd បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បត្តិ៍ នេះថាពាក្យចចាមអារ៉ាមដែលថា Xavi ចាកចេញគឺជារឿងមិនពិតនោះទេ។ ដោយឡែក Xavi វិញបានលើកឡើងក្រោយបន្តកិច្ចសន្យាថ្មីថា៖«ខ្ញុំពិតជារីករាយណាស់ដែលបានបន្តកិច្ចសន្យាជាមួយ Al Sadd យើងធ្វើដំណើរជាមួយគ្នា រកគ្រាប់បាល់បំប៉ោងសំណាញ់ទីគូប្រកួត ហើយឈ្នះក្នុងការប្រកួតនិងគ្រងជើងឯក។ យើងពិតមោទនភាពនឹងជោគជ័យនេះ។ វាជាផ្នែកដែលគាំទ្រដល់គ្រូបង្វឹកគ្រប់រូប ដើម្បីធ្វើរឿងនេះបាន»។
Xavi ធ្លាប់ឈ្នះពានរង្វាន់ជាច្រើននៅប្រទេសអេស្ប៉ាញ ជាមួយក្លិប FC Barcelona ដោយក្នុងនោះពាន La Liga រហូតដល់ ៨លើក ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champion League ចំនួន៤លើក បានរង្វាន់ UEFA Super Cup ចំនួន២លើក បានរង្វាន់ FIFA Club World Cup ចំនួន២លើកផងដែរ។ ចំណែកក្នុងជម្រើសជាតិអេស្ប៉ាញ វិញរូបគេធ្លាប់ឈ្នះពានរង្វាន់ជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០១០នៅអាហ្វ្រិកខាងត្បូង និងពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០០៨ និង២០១២ ផងដែរ៕
