កូរ៉េ​ខាង​ត្បូង​-​ Hyun Bin និង​ Son Ye Jin តួ​ឯក​ប្រុស​ស្រី​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ «Crash Landing on you» ប្រកាស​ត្រៀម​រៀប​អាពាហ៍៍ពិពាហ៍​នៅ​ខែមីនា​​ខាង​មុខ​នេះ​។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ផលិតកម្ម​ដែល​គ្រប់គ្រង​លើ​កំពូល​តារា​សម្ដែង​ Hyun Bin បាន​ចេញ​មក​ផុស​សំបុត្រ​សរសេរ​ដោយ​ដៃ​មួយ​មាន​ខ្លឹម​សា​រ​ថា​ «​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ទាយ​​ដឹង​ហើយ​មែន​ទេ​?​ មែន​ហើយ​ ខ្ញុំ​កំពុង​តែ​ត្រៀម​បើក​ទំព័រ​ជីវិត​ថ្មី​។ ខ្ញុំ​សន្យា​នឹង​នាង​ថា​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​នាង​មាន​តែ​ស្នាម​ញញឹម​ហើយ​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​»។

យោង​តាម​សារ​ព័ត៌មាន​ Newsis បាន​ផ្សាយ​ថា​ក្រុមហ៊ុន​​ដែល​គ្រប់គ្រង​លើ​កំពូល​តារា​ទាំង​ពីរ​បាន​ឱ្យ​ដឹង​ថា​សំណព្វចិត្ត​របស់​ហ្វេន​ទាំង​ពីរ​ដួង​នឹង​រៀបការ​នៅ​ខែ​មីនា​ ដោយ​អាពាហ៍ពិពាហ៍​នឹង​ត្រូវ​រៀបចំ​​ឡើង​ជា​លក្ខណៈ​ឯកជន​ក្នុង​ទីក្រុង​សេអ៊ូល​ដោយ​អញ្ជើញ​តែ​មិត្ត​ភក្ដិ​និង​សាច់​ញាតិ​តែ​ប៉ុណ្ណោះ​។

ងាក​មក​តារា​សម្ដែង​កំពូល​សម្រស់​ Son Ye Jin ក៏​បាន​ប្រកាស​លើ​ផេក​ផ្ទាល់​ខ្លួន​ដែរ​ថា​ «គាត់​​គឺ​​ជា​បុរស​ម្នាក់​ដ៏​កក់ក្ដៅ​។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ពេល​ខ្ញុំ​​នៅ​ក្បែរ​​គាត់​។ខ្ញុំ​ស្និតស្នាល​គ្នា​ដោយ​ធម្មជាតិ​។អរគុណ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​ពួក​យើង​ក្លាយ​ជា​បុព្វេសន្និវាស​។​ អ្នក​ទាំង​អស់​គ្នា​ សូម​ជូន​ពរ​ដល់​អនាគត​ដែល​ពួក​យើង​ត្រៀម​សាង​រួម​គ្នា​»​

ចំណែក​ស្ថានីយ​ទូរទស្សន៍​ SBS ​ឯណោះ​វិញ​បាន​​ហៅ​អាពាហ៍ពិពាហ៍​របស់​ Top Star ​ទាំង​ពីរ​ថា​ជា​អាពាហ៍ពិពាហ៍​ប្រចាំ​សតវត្ស ព្រោះ​បុគ្គល​ទាំង​ពីរ​គឺ​ជា​មនុស្ស​មាន​សមត្ថភាព​ កិត្តិយស​។ ​មនុស្ស​រាប់​សិប​ពាន់​ដែល​ជា​អ្នក​ស្រលាញ់​ពេញ​ចិត្ត​តារា​ទាំង​ពីរ​បាន​ចែក​រំលែក​ដំណឹង​ដ៏​រីករាយ​នេះ​ហើយ​ថែម​ទាំង​ជូនពរ​ដល់​តារា​ទាំង​ពីរ​ឱ្យ​មាន​សុខ​សុភមង្គល​ និង​ឆាប់​មាន​បុត្រ​។

ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​ជូនពរ​ដល់​តារា​ទាំង​ពីរ​​ក៏​មាន​មិត្តភក្ដិ​ដែល​ជា​មិត្ត​សិល្បករ​ដូច​ជា​ Song Yoon Ah, Lee Min Jung, និង​អ្នក​ថត​រូប​ល្បី​ Lim Hyo Seon ក៏​ចូល​រួម​សាទរ​ចំពោះ​តារា​ទាំង​ពីរ​ដួង​នេះ​ផង​ដែរ​។

នៅ​ក្នុង​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ដដែល​ កម្មវិធី​ TVN «You Quiz on the block» Son Ye Jin បាន​និយាយ​ថា​​ ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ដែល​ខ្លួន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ Hyun Bin គឺជា​មនុស្ស​ដំបូង​ដែល​ខ្លួន​លង់​ស្រលាញ់​ជា​ចំហ​៕

Telegram-Troryorng
Share.