ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ពាក់​ព័ន្ធ​ទៅ​នឹង​ទិវា​នៃ​ក្ដី​ស្រលាញ់​ ​ណែនាំ​ដល់​យុវជន​កម្ពុជា​ ចាំ​បាច់​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​បាន​ស៊ី​ជម្រៅ​ពី​វប្បធម៌​ ប្រពៃណី​ដែល​ជា​មរតក​​ដ៏​ថ្លៃថ្លា​របស់​ដូន​តា​ខ្មែរ​។

នៅ​ក្នុងសេចក្ដី​អំពាវនាវ​ដែល​​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​២០២២២ កន្លង​ទៅ​នេះ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ «ទិវា​នៃ​ក្ដី​ស្រលាញ់​» កំពុង​តែ​ជ្រៀត​ចូល​ក្នុង​សង្គម​ជាតិ​កម្ពុជា​ ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន​ បណ្ដាល​ឱ្យ​មនុស្ស​មួយ​ចំនួន​បាន​ទទួល​យក​និង​ប្រើប្រាស់​ដោយ​ភាព​ភ័ន្ត​ច្រឡំ​ នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ជាតិ​យើង​។

នៅ​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់​ដែរថា​​ យុវជន​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ស៊ី​ជម្រៅ​ពី​វប្បធម៌​ ប្រពៃណី​ ដែល​ជា​មរតក​ដ៏​ថ្លៃ​ថ្លា​របស់​ដូន​តា​ខ្មែរ​យើង​ ព្រម​ទាំង​ឈ្វេងយល់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ខ្លឹមសារ​នៃ​ថ្ងៃ​១៤​ កុម្ភៈ​ ដែល​ជា​ទំនៀមទំលាប់​នាំ​ចូល​ពី​ក្រៅ​ ដើម្បី​បន្ស៊ី​និង​សម្រប​ទៅ​​តាម​បិរបទ​នៃ​សង្គម​ ក្នុង​គោលដៅ​រក្សា​ការ​ពារ​ឱ្យ​បាន​នូវ​តម្លៃ​ និង​ឧត្តម​ភាព​នៃ​វប្បធម៌ជាតិ​ដែល​មាន​ចំណាស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​នៅ​ទ្វីបអាស៊ី​។

យោង​តាម​សេចក្ដី​អំពាវនាវ​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​​គូស​បញ្ជាក់​ទៀត​ថា​ «ទិវា​នៃ​ក្ដីស្រលាញ់​នៅ​កម្ពុជា​» គួរ​ជា​ឱកាស​ចែក​ចាយ​និង​ធានា​នូវ​ក្ដី​ស្រលាញ់​​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​ ស្មោះសរ​បរិសុទ្ធ​ ចំពោះ​មនុស្ស​ជា​ទី​​គោរព​ស្រលាញ់​មាន​ គ្រួសារ​, ឪពកុម្ដាយ​, ប្ដី/ប្រពន្ធ​, កូន​, ចៅ​ និង​ចំពោះ​ញាតិ​មិត្ត​។

ក្រៅ​ពី​ផ្ដល់​ក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​ហើយ​នោះ​ ក្រុម​មនុស្ស​ដែល​គួរ​បាន​ទទួល​ក្ដី​ស្រលាញ់​ដែរ​នោះ​មាន​ដូច​ជា​៖ ជនពិការ​,​ កុមារកំព្រា,​ និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​។

ជា​ចុង​ក្រោយ​ក្រសួង​បាន​អំពាវនាវ​ចំពោះ​មាតា បិតា អាណាព្យាបាល​ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​​លំដាប់​ថ្នាក់​ ជា​ពិសេស​យុវជន​ខ្លួន​ឯង​ផ្ទាល់​ ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​ អប់រំ​ ពន្យល់​ណែនាំ​ ក្រើន​រំលឹក​ដល់​បងប្អូន​ កូន​ចៅ​ ប្រើប្រាស់​ទិវា​នេះ​ស្រប​តាម​គន្លង​ប្រពៃណី​ដ៏​ល្អត្រកាល​របស់​ខ្មែរ​ ក្នុង​គោល​បំណង​រក្សា​កិត្តិយស​និងភាព​ថ្លៃថ្នូរ​របស់​ខ្លួន​ របស់​ក្រុម​គ្រួសារ​ ពិសេស​រួម​ចំណែក​លើក​កម្ពស់​កិត្យា​នុភាព​​នៃ​សង្គម​ជាតិ​​៕​

Telegram-Troryorng

Share.