បាត់ដំបង៖ មនុស្សប្រុស ស្រីចំនួន ១១នាក់ក្រោយសមត្ថកិច្ចរកឃើញថាបានប្រមូលផ្តុំគ្នាប្រើប្រាស់សារធាតុញៀននៅក្នុងក្លឹបខារ៉ាអូខេ Hight Class ក្នុងក្រុងបាត់ដំបង ត្រូវនគរបាលជំនាញបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យដែលពាក់ព័ន្ធករណីគ្រឿងញៀនសរុបចំនួន ១១នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តតាមនិតិវិធី ហើយនៅព្រឹកថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ ២០២២នេះ។

ករណីបង្ក្រាបទប់ស្កាត់ការប្រើប្រាស់សារធាតុញៀនកណ្តាលក្រុងបាត់ដំបងនេះ ធ្វើឡើងកាលពីរំលងអាធ្រាតថ្ងៃទី ១៥ ឈានចូលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២២ នៅចំណុចទីតាំងខារ៉ាអូខេយីហោ ហាយក្លាស ឋិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះកម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សទាំងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រ យោលសរុបចំនួន ៤០នាក់នាំមកសាកសួរ។ បន្ទាប់ពីការស្រាវជ្រាវកម្លាំងជំនាញបានកំណត់អត្តសញ្ញាណមនុស្សប្រុស ស្រីចំនួន ១១នាក់ថាមានការពាក់ព័ន្ធផ្ទាល់។ វត្ថុតាងដែលដកហូតបានជាក់ស្តែងក្នុងប្រតិបត្តិការបង្ក្រាបនោះ រួមមាន៖ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ( MDMA ) ចំនួនជាង ០២គ្រាប់ ទម្ងន់ ០,៨៨ក្រាម, ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា ពីរពាន់បួនរយហាសិបដុល្លារ និងប្រាក់រៀលចំនួន ៦ ១០០ ០០០រៀល ប្រាំមួយលានដប់ម៉ឺនរៀល ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.