ថ្មី​ៗ​នេះ​មាន​ដំណឹង​រសើប​មួយ​កំពុង​ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​នោះ​គឺ​រឿងរ៉ាវ​ស្នេហា​រវាង​កំពូល​មហាសេដ្ឋី​ Elon Musk និង​តារា​សម្ដែង​សិចស៊ី​ក្មេង​វ័យ​​ Bassett ដោយ​មាន​អ្នក​មើល​ឃើញ​​បុគ្គល​ល្បី​ទាំង​ពីរ​រូប​​​នេះ​បាន​ណាត់​ជួប​គ្នា​លើ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ផង​ដែរ​។

តាម​ប្រភព​សុំ​មិន​ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត​ Hollywood life ថា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​នេះ​មាន​រយៈ​ពេល​៧​ខែ​ហើយ​ ប៉ុន្តែ​មិន​ចង់​ឱ្យ​រឿង​​ស្នេហា​របស់​ខ្លួន​សាយភាយ​ជា​សាធារណៈ​។ តារា​រូប​នេះ​គឺជា​នារី​ទីមួយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​កំពូល​មហាសេដ្ឋី​អាមេរិក​បន្ទាប់​ពី​លោក​បែកបាក់​។

ចំពោះ​ប្រវត្តិ​នារី​ដែល​អាច​ក្ដោប​បាន​បេះដូង​របស់​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក​នេះ​មាន​ឈ្មោះ​ពេញ​ Natasha Bassett មាន​វ័យ​២៩​ឆ្នាំ​ កើត​និង​ធំធាត់​នៅ​ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​បាន​ផ្លាស់​មក​រស់​នៅ​ទីក្រុង​​ញូវ​យ៉ក កាល​ពី​អាយុ​១៩​ឆ្នាំ​ ដោយ​សារ​បាន​ទទួល​អាហារូបករណ៍​ផ្នែក​សម្ដែង​។​​

មិត្ត​ស្រី​ថ្មី​របស់​លោក​ Elon Musk រូប​នេះ​ចាប់​អាជីព​សម្ដែង​តាំង​ពី​អាយុ​១៤​ឆ្នាំ​ ដោយ​ផ្ដើម​សម្ដែង​នៅ​ក្នុង​មហោស្រព​ឯស្រុក​កំណើត​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ក្នុង​ក្រុមហ៊ុន​មហោស្រព​ Sydney។

កាល​ពី​ឆ្នាំ​២០០៩ Bassett បាន​សម្ដែង​រឿង​ភាគ​ដំបូង​ក្នុង​រឿង​ «Dungoona and Rake»។ ស្រីស្អាត​រូប​នេះ​បាន​ចាក​ចេញ​ពី​អូស្ត្រាលីក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ដើម្បី​ចាប់​ក្ដី​សុបិន​ធ្វើ​ជា​តារា​សម្ដែង​របស់​ខ្លួន​។​យោង​តាម​ IC នារី​ដ៏​ស្រស់​ម្នាក់​នេះ​មាន​កម្ពស់​១ម៉ែត្រ​៧១​សង់​ទីម៉ែត្រ​ និង​មានទម្ងន់​ប្រមាណ​៦០​គីឡូ​។

សម្រាប់​កេរ្តិ៍​ឈ្មោះ​របស់​នារី​អូស្ត្រាលី​នេះបាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍និង​ត្រូវ​កាសែត​ទស្សនា​វដ្ដី​យក​ទៅ​ចុះ​ផ្សាយ​ដោយ​សារ​តែ​នាង​សម្ដែង​ជា​តួអង្គ​ Britney Spears ក្នុង​ភាពយន្ត​ «Britney Ever After» ដែល​ជា​រឿង​ត្រូវ​បាន​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ Britney រិះគន់​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ក៏​មាន​អ្នក​សរសើរ​នាង​ដូច​គ្នា​ដែរ​។

ស្នាដៃ​ផ្សេង​របស់​ Bassett រួម​មាន​ « Katie Says Goodbye (2016)» និង​ «Hail, Caesar!» ដោយ​ឡែក​ភាពយន្ត​ថ្មី​ដែល​ត្រៀម​បញ្ចាំង​របស់​កញ្ញា​គឺ​ «Elvis» ដែល​ជា​រឿង​និយាយ​ពី​ខ្សែ​ជីវិត​ស្ដេច​ចម្រៀង​ Rock&Roll លោក​ Elvis Presley នឹង​បញ្ចាំង​លើ​រោងភាពយន្ត​នៅ​អំឡុង​ខែ​មិថុនា​ខាង​មុខ​នេះ​ បន្ថែម​លើ​នោះ​កញ្ញា​ក៏​នឹង​មានវត្តមាន​សម្ដែង​រឿង​ឱ្យ​អ្នក​ដឹកនាំ​បារាំង Smantha Rebillet ​រឿង​ «Love Lust Longing» ផង​​ដែរ​៕​

ប្រភព៖ VNEXPRESS

Telegram-Troryorng
Share.