បើទោះជាក្រសួងសុខាភិបាលមិនទាន់បានចេញសេចក្តីប្រកាសជាផ្លូវការក្តី ក៏បណ្តាខេត្ត មួយចំនួនបានបង្ហាញតួលេខអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗទៀតរួចហើយកាលពីយប់មិញនេះ។

រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្នងជំងឺកូវីដ-១៩ ចំនួន ៥នាក់ថ្មីទៀត ក្នុងនោះមានពលករមកពីប្រទេសថៃ ២នាក់ និងមកពីរាជធានីភ្នំពេញ ៣នាក់។

រដ្ឋបាលខេត្ត កំពុងបន្តស្រាវជ្រាវ និងតាមដាន រកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

នៅជាប់ខេត្តកំពង់ធំដែរគឺ ខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានថ្មីចំនួន២នាក់ទៀត និងម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី១៤ ខែឧសភា នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់២នាក់ និង៥៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តប៉ៃលិន ក៏បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ចំនួន២នាក់ និងបានរកឃើញអ្នកពាក់ព័ន្ធប្រមាណជាង១០នាក់ទៀតផងដែរ។

នៅខេត្តកំពត ក៏មានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់បន្ថែមទៀត នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ដោយឡែកនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់ថ្មីបន្ថែមទៀត នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំនួន០២នាក់, ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន១នាក់៕

Share.