ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង រួមមានរថយន្ត ម៉ូតូ រម៉កកង់៣ និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារៈ ដេពូក សាឡុង នៅតាមបណ្ដោយផ្លូវលេខ១២២ ខាងកើតមន្ទីពេទ្យកុមារជាតិ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកខណ្ឌ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ស្រាប់ឃើញផ្សែងហ៊ុយខ្មួរខ្មាញ់ចេញជាអណ្ដាតភ្លើងសន្ធោសន្ធៅពីផ្ទះកើតហេតុក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបានអណ្ដាតភ្លើងបានរីករាលដាលឆេះដល់ផ្ទះបងប្អូនជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្ដង។ 

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់គោលដៅ បានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំង បណ្ដាលឱ្យឆេះសម្ភារៈនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងរួមមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៣នាក់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមបានឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ៣៦គ្រឿងប្រើប្រាស់អស់ទាំង ៣៦គ្រឿង ទើបរលត់ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ocic,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា,និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ។ 

លោកនាយការិយាល័យ បានឱ្យដឹងថា ទំហំនៃការខូចខាតឬសម្ភារៈក្នុងផ្ទះស្ទើរទាំងស្រុង ដោយរួមមានរថយន្ត ១គ្រឿង ម៉ាក Toyota raize ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2663 ម៉ូតូ ១គ្រឿង រម៉កសម្រាប់ដឹកសម្ភារៈមួយគ្រឿងផងដែរ និងរងរបួសមនុស្សស្រី ៣នាក់ ធ្ងន់ម្នាក់ ស្រាល២នាក់។  និងរាលដាលដល់ផ្ទះជិតខាងចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញសន្និដ្ឋាន ជំហ៊ានដំបូង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក៏ប៉ុន្តែជំនាញ និងស្រាវជ្រាវរកមូលហេតុពិត តាមក្រោយ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.