ករណី​យក​រូប​ទង់​ជាតិ​ទាំង​មូល​មក​ធ្វើ​ការ​ច្នៃ​ម៉ូដ​ជា​សំលៀក​បំពាក់​នៅ​លើ​ខ្លួន​នោះ​ ក៏​កំពុង​ត្រូវ​បាន​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​ TikTok​ មាន​ការ​វែក​ញែក​មិន​ឈប់​។ គេ​ឃើញ​មាន​អ្នក​ខ្លះ​មាន​មតិ​គាំទ្រ​ ហើយ​មាន​អ្នក​ខ្លះ​ទៀត​លើក​ហេតុផល​មិន​គាំទ្រ​ ដែល​មតិ​ទាំង​អស់​សុទ្ធ​សឹង​ចេញពី​មជ្ឈដ្ឋាន​មហាជន​អ្នក​ស្រឡាញ់​ការ​ច្នៃ​ម៉ូដ​ និង​អ្នក​ស្រឡាញ់​វប្បធម៌​ជាតិ​។ ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​ ក៏​បាន​ទាក់ទង​ទៅ​កាន់​បណ្ឌិត​ច្នៃ​ម៉ូដ​សហសម័យ​ ឯម​ រាម​ ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​បន្ថែម​ ជុំ​វិញ​ករណី​មួយ​នេះ​ ថា​តើ​គួរ​ ឬ​មិន​គួរ​ ចំពោះ​ការ​យក​​ទង់ជាតិ​​ច្នៃ​ធ្វើ​សំលៀក​បំពាក់​បែប​នេះ​?

បើ​តាម​ការ​យល់​ឃើញ​របស់​លោក​ ឯម​ រាម​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយង​កាល​ពី​ព្រឹកមិញ​(ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)​នេះ​ថា​ ការ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​ជា​ខ្មែរ​គឺ​​មាន​ច្រើន​យ៉ាង​ មិន​មែន​មាន​តែ​ការ​យក​រូប​ ប្រាសាទ​ ឬ​ទង់​ជាតិ​ មក​ច្នៃ​ជា​សំលៀក​បំពាក់​ ទើប​យើង​អាច​បញ្ជាក់​ប្រាប់​គេ​ថា​ យើង​ជា​កូន​ខ្មែរ​ ឬ​ជា​ស្នាដៃ​របស់​ខ្មែរ​នោះ​ទេ​។​ លោក​ថា​ «​ខ្មែរ​យើង​មាន​អត្តសញ្ញាណ​ច្រើន​ ដូច​ជា​ ម្ហូប​ រុក្ខជាតិ​ សត្វ​ ពណ៌​ និង​តំបន់​ធម្មជាតិ​ច្រើន​ទៀត​ ជា​ដើម​។​ល​។​ ចំពោះ​ការ​ច្នៃ​ម៉ូដ​ដែល​យក​ទង់​ជាតិ​មក​ធ្វើ​ជា​សម្លៀក​បំពាក់​ទាំង​មូល​បែប​នេះ​ ចំពោះ​ខ្ញុំ​គឺ​មិន​គាំទ្រ​ទេ​ ព្រោះ​ខ្មែរ​យើង​មាន​ព្រលឹង​ដូន​តា​ ហើយ​ទង់ជាតិ​ទៀត​សោត​ គឺ​យើង​ឱន​គោរព​ ដែល​ស​បញ្ជាក់​ថា​ យើង​គោរព​ព្រលឹង​ដូន​តា​បុព្វបុរស​ខ្មែរ​។ គេ​អាច​ច្នៃ​ម៉ូដ​ដោយ​ប្រើ​តែ​ពណ៌​របស់​ទង់​ជាតិ​បាន​ ដូច​ជា​ ខៀវ​ និង​ក្រហម​ តែ​កុំ​ប្រើ​រូប​ប្រាសាទ​អង្គរវត្ត​»​។​

បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម​ រាម​

យ៉ាង​ណា​មិញ​ លោក​ ឯម​ រាម​ បាន​ប្រាប់​ទៀត​ថា​ «​ចុះ​ហេតុ​អ្វី​បាន​ជា​បរទេស​គេ​ធ្វើ​បាន​ ដោយ​មិន​មាន​ការ​រិះគន់​?​ តែ​ជា​គំនិត​ខ្ញុំ​គិត​ថា​ បរទេស​គេ​មាន​វប្បធម៌​គេ​ផ្សេង​ គេ​មិន​បាន​អុជ​ធូប​គោរព​ឧទ្ទិស​ដល់​ដូន​តា​នោះ​ទេ​ ហើយ​ក៏​គ្មាន​រូប​ប្រាសាទ​ដែល​តាំង​តំណាង​ឱ្យ​បុព្វបុរស​ ឬ​ព្រលឹង​ដូន​តា​អ្វី​នោះ​ដែរ​ ពោល​គឺ​បរទេស​មិន​មាន​ជំនឿ​និង​ការ​គិត​ដូច​យើង​។ ជា​មតិ​ខ្ញុំ​ គេ​គួរ​តែ​ចៀស​វាង​កុំ​យក​រូប​ទង់ជាតិ​មក​ច្នៃ​ម៉ូដ​អី​ យើង​គប្បី​គិត​ទៅ​លើ​ Concept​ ឱ្យ​ចំ​ថា​យើង​ចង់​បាន​អី​?​ សំលៀក​បំពាក់​បែប​បុរាណ​ សម័យ​ ឬ​ក៏​ចង់​បង្ហាញ​អ្វី​ឱ្យ​គេ​ស្គាល់​ប្រាកដ​។​ យើង​អាច​ប្រើ​រូប​ទង់ជាតិ​តូច​មួយ​ជា​ផ្នែក​ដាក់​លើ​ឈុត​ ដូច​អ្វី​ដែល​ធ្លាប់​ឃើញ​លើ​អាវ​កីឡាករ​។​ តែ​បើ​ចំពោះ​ខាង​វិស័យ​បវរកញ្ញា​ ខ្ញុំ​គិត​ថា​មិន​បាច់​ដាក់​ក៏​បាន​ ព្រោះ​គេ​បាន​ប្រកាស​មុន​ហើយ​ថា​ Cambodia​ អ៊ីចឹង​ទៅ​។ ​នោះ​គឺ​គេ​បាន​បញ្ជាក់​ឱ្យ​យើង​ហើយ​ជា​ស្រេច​»។ ​

ជារួម​ មិន​ថា​យើង​ស្រឡាញ់​ជាតិ​ហើយ​ទាល់​តែ​មាន​ទង់ជាតិ​ ដាក់​នៅ​លើ​ក្បាល​ឬ​ក៏​យក​មក​ស្លៀក​ទើប​ហៅ​ថា​ស្រឡាញ់​ជាតិ​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​មាន​ចំនុច​ច្រើន​ណាស់​ដែល​យើង​អាច​បញ្ជាក់​ថា​ យើង​ពិត​ជា​ស្នេហា​ជាតិ​។​ ជាក់ស្ដែង​ដូច​ជា​ ការ​គ្រវី​ទង់​ជាតិ​ ដែល​យើង​អាច​យក​គំនិត​នេះ​មក​ធ្វើ​ជា​សកម្មភាព​នៅ​ក្នុង​ MV​ ក៏​បាន​ ចៀស​វាង​ការ​យក​មក​ស្លៀក​ ព្រោះ​មើល​ទៅ​ដូចជា​មិន​ស័ក្ដិ​សម​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ ឯម​ រាម​ ។​

ចុងក្រោយ​លោក​ចង់​ឱ្យ​អ្នក​ច្នៃ​ម៉ូដ​មួយ​ចំនួន​ មាន​ការ​សិក្សា​ស្វែង​យល់​បន្ថែម​ ក្នុង​ការ​ស្វែង​រក​គំនិត​ថ្មីៗ​យក​មក​ប្រើ​ ដើម្បី​គេច​ផុត​ពី​ការ​រិះគន់​។ ​ក៏ប៉ុន្ដែ​លោក​ថា​ កន្លង​មក​លោក​ក៏​ធ្លាប់​រង​នូវ​ពាក្យ​រិះគន់​ច្រើន​ដែរ​ តែ​លោក​ទទួល​យក​ទាំង​អស់​ ហើយ​ចាត់​ទុក​ថា ​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​ស្នា​ដៃ​បន្ថែម​ទៀត​៕​

Telegram-Troryorng
Share.