ចិន​តៃ​វ៉ាន់​ – តារា​សម្ដែង​ Barbie Hsu ហៅ​សាន់​ឆាយ​កំពុង​តែ​រង​ការ​វាយ​ប្រហារ​និង​រិះគន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដោយ​សារ​តែ​នាង​បាន​ចំណាយ​លុយ​ប៉ាវ​ថ្លៃ​ធ្វើ​ចត្តា​ឡីស័ក​ឱ្យ​ DJ Koo បុរ​សគូស្នេហ៍​ថ្មី​ដែល​នាង​ខាន​ជួប​អស់​២៤​ឆ្នាំ​ ប៉ុន្តែ​សម្រេច​ចិត្ត​រៀបការ​បែប​​ផ្លេក​បន្ទោរ​។

នៅ​ថ្ងៃ​ទី​១៥​ នេះ​ តារា​ចម្រៀង​និង​DJ ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ DJ Koo ត្រូវ​បាន​មើល​ការ​ខុស​ត្រូវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខណៈ​ធ្វើ​ចត្តាឡីស័ក​នៅ​ទីក្រុង តៃប៉ិ ដោយ​ Barbie Hsu បាន​កក់​សណ្ឋាការ​ដែល​មាន​តម្លៃ​ NT$៨,០០០ (​ប្រ​មាណ​ ២៨០,៤៥ ដុល្លារ​អាមេរិក​) ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ DJ Koo ត្រូវ​ធ្វើ​ចត្តាឡីស័ក​សរុប​​រយៈ​ពេល ​១០​ថ្ងៃ​ ដូច្នេះ​​តម្លៃ​ជា​រួម​អស់​ជាង​២ពាន់​ដុល្លារ​។

មិន​ត្រឹម​តែ​​បង់​ថ្លៃ​ស្នាក់​នៅ​ប៉ុណ្ណោះ​ Barbie Hsu ថែម​ទាំង​ផ្គត់ផ្គង់​ចំណី​អាហារ​ដល់​លោក DJ Koo ដោយ​មាន​​ជំនួយ​ការ​របស់​នាង​ជា​អ្នក​ដឹក​អាហារ​ទៅ​សណ្ឋាគារ​តែ​ម្ដង​។ ការ​ចំណាយ​​របស់​សាន់ឆាយ​ ឱ្យ​​ដល់ DJ Koo បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ជជែក​វែកញែក​និង​រិះគន់​លើ​បណ្ដាញ​សង្គម​របស់​ចិន​ Weibo ដោយ​មនុស្ស​រាប់​ពាន់​នាក់​បាន​រិះគន់​ដល់​ DJ Koo ដែល​ពឹង​ផ្អែក​លើ​មនុស្ស​ស្រី​ ខណៈ​ដែល​ខាង​ស្រី​ត្រូវ​បាន​ស្នេហា​បាំង​ភ្នែក​ជា​ដើម​។

យ៉ាង​ណាមិញ​ក៏​មាន​អ្នក​ផ្សេង​ទៀត​បាន​បញ្ចេញ​ជា​យោបល់​ដែរ​ថា​អ្វី​ដែលសាន់ឆាយ​ធ្វើ​នោះ​គឺជា​ទង្វើ​ធម្មតា​ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​កូរ៉េ​រួចរាល់​ហើយ​ គ្រាន់​តែ​រងចាំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​​នៅ​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ។

យោង​តាម​សារព័ត៌មាន​ Appledaily បាន​ឱ្យ​ដឹង​ថា​ អាស្រ័យ​ដោយ​ការ​ចេញ​ចូល​កោះ​តៃវ៉ាន់​ មាន​ភាព​តឹងរ៉ឹងដើម្បី​ឱ្យ​ DJ Koo អាច​ចូល​​កោះ​​តៃវ៉ាន់​​បាន​ Barbie បាន​ផ្ញើ​​ឯកសារ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​រៀបការ​នៅ​ប្រទេស​កូរ៉េ​​ជា​មុន​សិន។

ស្នេហា​ថ្មោងថ្មីរបស់​សាន់ឆាយ​នេះ​ មិន​ត្រឹម​តែ​មាន​មនុស្ស​មិន​សាទរ​ហើយ​សូម្បី​តែ​ម្ដាយ​បង្កើត​របស់​សាន់​ឆាយ​ផ្ទាល់​ ក៏​ធ្លាប់​ចេញ​មក​បង្ហាញ​ចំណាប់​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​រៀបការ​បែប​ផ្លេក​បន្ទោរ​របស់​កូន​ស្រី​ខ្លួន​ជាមួយ​នឹង​បុរស​កូរ៉េ​ លោក Koo Jun Yup នោះ​ផង​ដែរ​៕

សូម​ចុច​អាន​ – សាន់ឆាយ ​​លែង​ប្ដី​​​​សេដ្ឋី​ទើប​បាន​៥​ខែ​​ ស្រាប់​តែ​ប្រកាស​រៀបការ​ប្ដី​ថ្មី​​ជាតន្ត្រីករ​និង​DJ

Telegram-Troryorng
Share.