«Justin Bieber ​តារា​ចម្រៀង​វ័យ​ ២៨​ឆ្នាំ​ បាន​ផ្ញើ​សារ​សុំ​ឱ្យ​អ្នក​គ្រប់​គ្នា​ជួយ​បួងសួង​ភរិយា​របស់​ខ្លួន​ នៅ​ពេល​ដែល​បញ្ជូន​ Hailey ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​» នេះ​បើ​យោងតាម​ប្រភព​ជិតស្និទ្ធ​ប្រាប់​សារព័ត៌មាន​ PEOPLE។

កាល​ពី​សប្ដាហ៍​មុន​ Hailey Bieber វ័យ​២៥​ឆ្នាំ​ ​បាន​​ឈឺ​ធ្ងន់​ដោយសារ​តែ​ជំងឺ​កក​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ នៅ​ពេល​​បញ្ជូន​ខ្លួន​​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម​គឺ​​មាន​អាការៈ​ដូច​ជា​ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

ខណៈ​នេះ​ភរិយា​សម្លាញ់​របស់​ Justin បាន​ចេញ​ពី​មន្ទីរពេទ្យ​មក​សំរាក​ព្យាបាល​ខ្លួន​បន្ត​​នៅផ្ទះ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​​អ្នក​ជិតស្និទ្ធ​ភ្ញាក់ផ្អើល​នោះ​គឺ​ Justin ហាក់​ដូច​ជា​មានភាព​ភ័យខ្លាច​ជាង​សាមី​ខ្លួន​នាង​ Hailey ដែល​ជា​អ្នក​ជំងឺ​ទៅទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ជិតស្និទ្ធ​​ប្រាប់​សារព័ត៌មាន​ PEOPLE។

«នៅ​ពេល​មាន​រឿង​នោះ​​កើត​ឡើង​ គេ​ពិត​ជា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់​។ Justin បាន​ផ្ញើ​សារ​ទៅ​មនុស្ស​គ្រប់​គ្នា​ដែល​លោក​ស្គាល់​ ហើយ​សុំ​ឱ្យ​អ្នក​គ្រប់​គ្នា​ជួយ​បួង​សួង​ឱ្យ​ប្រពន្ធ​របស់​លោក​ ហើយ​លោក​មិនដែល​ចាក​ចោល​នាង​ឡើយ​។»

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​៖ «Justin បាន​និយាយ​ថា​គេ​មិន​អាច​បាត់​បង់​នាង​ទេ​ មិន​ថា​គេ​ត្រូវ​ចំណាយ​អស់​អ្វី​ក៏​ដោយ​ គេ​ចង់​​បាន​ការ​ព្យាបាល​មួយ​ដែល​ល្អ​ជា​ទីបំផុត​»។ «គាត់​និយាយ​ថា​គាត់​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ជួយ​នាង​។ វា​គឺជា​ពេល​វេលា​មួយ​សម្រាប់​ពួក​គេ​ទាំង​ពីរ​បាន​យល់​ពី​តម្លៃ​នៃ​ការ​អប់​រំ ហើយ​ផ្ដោត​ទៅ​លើ​ថា​អ្វី​គឺជា​បញ្ហា​ដ៏​ពិត​ប្រាកដ​»។

«ក្នុង​ដំណាក់​កាល​ដ៏​គ្រោះ​ថ្នាក់​នោះ​ Justin បាន​ដឹង​ច្បាស់​ពី​រឿង​សំខាន់​មួយ​ ហើយ​គេ​បាន​ប្រាប់​អ្នក​គ្រប់​គ្នា​ជុំវិញ​ខ្លួន​គេថា​ Hiley គឺ​ជា​បង្អែក​សម្រាប់​គេ​ ហើយ​នាង​បាន​ជួយ​គេ​ឱ្យ​ចញ​ផុត​ពី​ពេល​វេលា​ដ៏​ខ្មៅ​ងងឹត​ ហើយ​គេ​ចង់​សរសើរ​នាង​ជា​រៀងរាល់​ថ្ងៃ​។ គេ​ចង់​មើល​នាង​ហើយ​ជួយ​នាង​ទៅ​តាម​អ្វី​ដែល​គេ​អាច​ធ្វើ​​បាន​។​ ហើយ​គេ​មាន​មនុស្ស​ជុំ​វិញ​ខ្លួន​ចាំ​បួងសួង​ឱ្យ​នាង​មាន​សុខភាព​ល្អ​។ គេ​ពិត​ជា​ភ័យ​ខ្លាច​ណាស់​» នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ប្រភព​ជិត​ស្និទ្ធ​របស់​ Justin Bieber។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ Hailey បាន​ចែក​រំលែក​រឿង​ដែល​ខ្លួន​ជួប​ប្រទះ​នៅ​បណ្ដាញ​សង្គម​ថា៖ «ពួក​គេ​​បាន​រក​ឃើញ​ថា​ខ្ញុំ​មាន​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​បណ្ដាល​ឱ្យ​បាត់បង់​អុកស៊ីសែន​ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លង​ផុត​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ខ្ញុំ​បាន​ស្រួល​ខ្លួន​ឡើង​វិញ​»

ភរិយា​តារា​ចម្រៀង​ល្បី​លំដាប់​ពិភពលោក​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា​៖ «ទោះ​ជា​ពេល​នោះ​គឺជា​ពេល​ដែល​ខ្ញុំ​ខ្លាច​ជា​ទី​បំផុត ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បាន​មក​ដល់​ផ្ទះ​ហើយ ហើយ​ខ្ញុំ​ក៏​សុខ​សប្បាយ​ដែរ​ ខ្ញុំ​សូម​​ដឹង​គុណ​និង​សូម​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​​និង​គិលានុប្បដ្ឋាយិកាទាំង​អស់​ដែល​បាន​ជួយ​ព្យាបាល​ឱ្យ​ខ្ញុំ​»

សម្រាប់​កំពូល​តារា​ល្បី​ទាំង​ពីរ​ដួង​នេះ បាន​រៀបអាពាហ៍ពិពាហ៍​រយៈ​ពេល​៣​ឆ្នាំ​ហើយ​ ពោល​គឺ​នៅ​ឆ្នាំ​២០១៨៕

ប្រភព៖ PEOPLE

Telegram-Troryorng
Share.