ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​សូមលើក​យក​ប្រវត្តិ​​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​​ប្រភេទ​ទៀត​មក​ជម្រាប​ជូន​ប្រិយមិត្ត​អ្នក​អាន​បាន​យល់​ជ្រាប​ដូច​ខាង​ក្រោម។

ល្បែង​ឈូង ជា​ល្បែង​មួយ​យ៉ាង​ របស់​មនុស្ស​កម្លោះ​ក្រមុំ​ ឬ​មនុស្ស​ចំណាស់​ៗ​ប្រុស​ស្រី​ទូទាំង​កម្ពុជរដ្ឋ​ គេ​តែង​តែ​លេង​នៅ​វេលា​យប់​ខែ​ភ្លឺ​ ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី​ (ខែ​ចេត្រ​-ពិសាខ)​។ គេ​ចែក​គ្នា​ជា​២​ពួក​ ប្រុស​១​ពួក​ និង​ស្រី​១​ពួក​។ ក្នុង​១​ពួក​ៗ​ មាន​គ្នា​ចំនួន​១០​នាក់​ ឬ​២០​នាក់​ឡើង​ទៅ​ ឈរ​ត្រៀម​ជា​២​ជួរ​ ទល់​មុខ​គ្នា​ ឃ្លាត​ពី​គ្នា​ប្រមាណ​៨​ទៅ​១០​ ម៉ែត្រ​។ គេ​យក​ក្រមា​ឬ​កន្សែង​មក​ឆ្មូល​ឱ្យ​មូល​ចង​រឹត​ឱ្យ​តឹង​ណែន​ល្អ​ ទុកឱ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា​ «ឈូង» សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅ​មក​រក​គ្នា​។ ឈូង​មាន​ ២បែប​៖ ១. ឈូង​ច្រៀង​រាំ​ ២.ឈូង​លោះ​ខ្ញុំ​។

១. ឈូង​ច្រៀង​រាំ​ មុន​ដំបូង​ ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឱ្យ​ពួក​ខាង​ស្រី​ ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំ​ឱ្យ​ធ្លាក់​ដល់​ដី​ បើ​ធ្លាក់​ដល់​ដី​ គេ​ចាត់​ជា​ស្អុយ​ ហើយ​គេ​ផ្ដើម​បោះ​ទៅ​ឱ្យ​ខាង​ប្រុស​វិញ​ ពួក​ខាង​ប្រុស​​ប្រុង​ចាប់​កុំ​ឱ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់​បាន​ហើយ​ ចោល​សំដៅ​ទៅ​ពួក​ខាង​ស្រី​ គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុស​គេចាត់​ជា​ស្អុយ​ រួច​គេ​ផ្ដើម​បោះ​ជា​ថ្មី​ទៀត​។ បើ​ចោល​ត្រូវ​ស្រីណា​ហើយ​ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស​ ហៅ​ថា​ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ​ ម្នាក់​កាន់​ឈូង​នាំ​មុខ​ ម្នាក់​ដៃ​ទទេ​រាំ​តាម​ក្រោយ​ ហើយ​ច្រៀង​ជា​ទំនុក​ថា​ «ប្អូន​ចាប់​ឈូង​បាន​ ឈូង​បែក​ជា​បួន​ ព្រលឹង​ប្រុស​ស្ងួន​ ទទួល​ឈូង​ទៅ​»។ ពួក​ស្រី​ៗ​ក្រៅ​ពី​នោះ​គ្រប់​គ្នា​ទទួល​ថា​ «ឱណា​កែវ​ កែវ​ពីអា ឱណា​កែវ​អឺយ អឺអឺង​អឺយ​!» រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ប្រុស​ៗ​ ទទយល​យក​ ហើយ​ក៏​ផ្ដើម​បោះ​​ឈូង​នោះ​ទៅ​ឱ្យ​ពួក​ខាង​ស្រី​ចាប់​វិញ​។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ ក៏​ចោល​សំដៅ​ទៅ​ពួក​ប្រុស​ បើ​ចោល​ត្រូវ​ប្រុស​ណា​ ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅ​ជូន​ស្រី​ ដោយ​ច្រៀង​ជា​ទំនុក​ថា​ «បង​ចាប់​ឈូង​បាន​ បង​បី​ត្រកង​ ព្រលឹង​មាស​បង​ ទទួល​ឈូង​ទៅ​»។ ពួក​ប្រុស​ៗ​គ្រប់​គ្នា​ទទួល​បន្ទរ​ថា​ « ឱណា​កែវ​ កែវ​ពីអា ឱណា​កែវ​អឺយ អឺអឺង​អឺយ​!» ហើយ​ក៏​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ពួក​ខាង​ស្រី​ៗ​ទទួល​យក​ទើប​ផ្ដើម​បោះ​តទៅទៀត​។

២.​ ឈូង​លោះ​ខ្ញុំ​ ដើម​ដំបូង​ ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​ទំនុក​ជា​មុន​។ ឯ​ទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប​ ប្លែក​ៗ​ ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក​។ ទីនេះ​ស្រង់​យក​តែ​ទំនុក​ធម្មតា​ ដែល​អ្នក​លេង​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់​គ្នា​ថា​៖ «បង​បោះ​ឈូង​ទៅ​ អូន​អើយ​ កម្ពស់​ចុង​ដូង​ (ស្ទួន) ក្រមុំ​ឈរ​ច្រូង​​អូន​អើយ​ទទួល​ឈូង​បង​» ឬថា​ «បង​បោះ​ឈូង​ទៅ​ ឈូង​បែក​ជា​៤​ ស្រី​ណា​មាន​ខ្លួន​ ទទួល​ឈូង​បង​» ។ល។​ ច្រៀង​ហើយ​គេ​ស្រែក​​ប្រាប់​ថា​ «ឈូង​អើយ​ ឈូង​!» ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅ​លើ​ពួក​ស្រី​ៗ​ ឱ្យ​ពួក​ស្រី​ៗ​ចាប់​។ ខាង​ស្រី​ចាប់​ឈូង​បាន​ គេ​ចោល​សំដៅ​ទៅ​រក​ប្រុស​ណា​ដែល​គេ​ត្រូវ​ចិត្ត​​ បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា​ គេ​ទៅ​ចាប់​យក​ប្រុស​នោះ​មក​ទុក​ខាង​ពួក​គេ​។ បើ​ចោល​មិន​ត្រូវ​ទេ​ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ ចោល​សំដៅ​មក​រក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ​ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ​ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅ​លើក​មុន​ ត្រូវ​បាន​រួច​ខ្លួន​ បើ​ប្រុស​ចោល​មិន​ត្រូវ​ស្រី​វិញ​ទេ​ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ិន​ប្រសប់​គេ​ចោល​យក​ខាង​ម្ខាង​ទាល់​តែ​អស់​។ កាល​ណា​អស់​គ្នា​ហើយ​គេ​ផ្ដើម​លេង​សា​​ជា​ថ្មី​ ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ ទៅ​រក​ខាង​ប្រុស​មុន​វិញ​។ មុន​នឹង​ស្រី​ៗ បោះ​ឈូង​ទៅ​ឱ្យ​ប្រុស​គេ​ស្រែក​ច្រៀង​ថា​ «អូន​បោះ​ឈូង​ទៅ​ បង​អើយ​ កម្ពស់​ចុង​ស្លា​ ប្រុស​ឈរ​ត្រៀបត្រា​ បង​អើយ​ទទួល​ឈូង​ប្អូន​»។ល។ ច្រៀង​ហើយ​គេ​ស្រែក​ថា​ «ឈូង​អើយ​ ឈូង​!» ហើយ​គេ​បោះ​ឈូង​ទៅ​លើ​ពួក​ប្រុស​ៗ​។ ឯខាង​ប្រុស​ បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ​ គេ​ចោល​ឈូង​នោះ​សំដៅ​ស្រី​ៗ​ កាល​ត្រូវ​លើ​ស្រីណា​ម្នាក់​ គេចាប់​យក​ស្រី​នោះ​មក​ទុក​ខាង​គេ​។ បើ​ខាង​ណា​អស់​មនុស្ស​ គេ​ចែក​គ្នា​លេង​សា​ជា​ថ្មី​។ មនុស្ស​ដែល​គេ​ចាប់​បាន​នោះ​ ជួន​កាល​កេ​ចង​មុខ​ឱ្យ​ជិត​ លេង​ឱ្យ​រត់​ទៅ​កាន់​ទី​ផ្សេងៗ​ ជា​ការ​កម្សាន្ត​សប្បាយ​។ របៀប​លេង​បែបទី​២​នេះ​ ជួន​កាល​អ្នក​លេង​ គេ​ច្រូត​កាត់​មិន​បាច់​ច្រៀង​ ស្រាប់​តែ​ចោល​តែ​ម្ដង​ក៏​មាន​។

ល្បែង​នេះ​ រាប់​ចូល​ក្នុង​ពួក​ការ​ហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ប្រាណដៃ​ឱ្យ​ត្រង់​ផង​ ជា​ការ​កម្សាន្ត​សប្បាយ​ ដោយ​មាន​ការ​​រាំ​ច្រៀង​លាយ​ជាមួយ​ផង​៕

សូម​ចុច​អា​ន – ជិត​ចូល​ឆ្នាំ​ សូម​ឈ្វេង​យល់​ពី​​ប្រវត្តិ​ល្បែង​ប្រជាប្រិយ​ខ្មែរ​៖ ទីមួយ ប្រវត្តិ​ល្បែង​ស្ដេច​ចង់​ ឬ​ល្បែង​អៀវ!

ប្រភព៖ ដកស្រង់​ពី ល្បែង​ប្រជាប្រិយ​ខ្មែរ​ រៀបរៀប​ដោយ​ ក្រុម​ជំនុំ​​ទំនៀម​ទម្លាប់​ខ្មែរ​ (ព.ស២៥០៧ ស.គ ១៩៦៤)

Telegram-Troryorng
Share.