បន្ទាប់ពីធ្វើពិធីសែនក្រុងពលីនិងដំណើរការថតចាប់តាំងពីជិតចុងឆ្នាំ២០២០ កន្លងមកអ្នកគាំទ្របានទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះដំណឹងនៃការចាក់បញ្ចាំងរឿង «ស្នាមស្នេហ៍សមុទ្ររាម» របស់ស្ថានីយទូរទស្សន៍ភីអិនអិន។ យ៉ាងណាមិញថ្មីៗនេះមានលេចឮដំណឹងល្ហិចល្ហៀងមកថា រឿងភាគដែលជាស្នាដៃយ៉ាងសម្រិតសម្រាំងថ្មីមួយនេះនឹងត្រៀមបញ្ចាំងនៅក្នុងពេលឆាប់ៗនេះហើយ។

បងប្អូនប្រជាពលរដ្ឋប្រហែលជានៅចាំបានថា កាលពី ១៧ ឆ្នាំមុនរឿង «ស្នាមស្នេហ៍សមុទ្ររាម» ស្នាដៃផលិតនិងដឹកនាំរបស់ផលិតករជើងចាស់ពេញសមត្ថភាពអ្នកស្រី ពាន់ ភួងបុប្ផា គឺជារឿងល្បីល្បាញនិងពេញនិយមតាមដានទស្សនាយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា រហូតនៅឆ្នាំ២០២០ រឿង «ស្នាមស្នេហ៍សមុទ្ររាម» ត្រូវបានថតនិងផលិតឡើងក្រោមការគាំទ្រនិងសហការពីទូរទស្សន៍ភីអិនអិន។

ក្រោយបានធ្វើពិធីក្រុងពាលីថតរួចរាល់កាលពីជិតចុងឆ្នាំ២០២០កន្លងមក អ្នកគាំទ្របានរង់ចាំយ៉ាងអន្ទះសាចំពោះដំណឹងនៃការចាក់បញ្ចាំងរឿងនេះ ព្រោះមានការជឿជាក់លើស្នាដៃផលិតរបស់ផលិតករ ជើងចាស់ ដែលបានធ្វើឱ្យរឿងភាគខ្មែរ «រសជាតិអ្នកមាន» ល្បីកក្រើកម្ដងរួចហើយនោះ។

ថ្មីៗនេះមានដំណឹងបែកធ្លាយមកថារឿងនេះបានថតចប់ ហើយក៏បានកាត់តចប់រួចរាល់ដែរគឺនៅរង់ចាំថ្ងៃប៉ុណ្ណោះ។ ក្រោយទទួលបានដំណឹងបែកធ្លាយនេះ សារព័ត៌មានត្រយង បានធ្វើការទំនាក់ទំនងទៅកាន់ កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៍ភីអិនអិន ដើម្បីស្រាយចម្ងល់មហាជន។ ចំពោះរឿងនេះ ប្រធានគ្រប់គ្រងកម្មវិធីផ្សាយរូបនេះទទួលស្គាល់ថារឿងភាគថ្មីរបស់ទូរទស្សន៍ភីអិនអិនមួយនេះ នឹងត្រៀមចាក់បញ្ចាំងពិតប្រាកដមែន។ កញ្ញា ទូច បុប្ផា ក៏បានលើកឡើងដែរថា «រឿងនេះនឹងកាន់តែល្អជាង រឿងរសជាតិអ្នកមាន ព្រោះក្រុមការងារបានព្យាយាមសម្រិតសម្រាំងនូវគុណភាពរូប តួអង្គ សាច់រឿង ឱ្យកាន់តែមានស្ដង់ដារខ្ពស់ តម្រូវឱ្យទាន់សម័យកាលឌីជីថល ក្នុងគោលដៅផ្សព្វផ្សាយនិងអភិវឌ្ឍភាពយន្តខ្មែរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត»។

រឿង «ស្នាមស្នេហ៍សមុទ្ររាម » វណ្ណកម្មដ៏ល្អ ដែលស្ថានីយទូរទស្សន៍ភីអិនអិន លើកយកមកផលិតជាថ្មីម្តងទៀតនេះ គឺមានសាច់រឿងរហូតដល់ទៅ២ វគ្គ ដែលវគ្គទីមួយ (សាច់រឿងដូចទៅនឹងកាលពីជាង១០ឆ្នាំមុន) និងវគ្គទីពីរ (សាច់រឿងជំនាន់កូនៗ) មានចំណង និង ចំណោទបញ្ហាចាក់ស្រេះប្រទាក់ក្រឡាគ្នា តាំងពីជំនាន់ឪពុកម្តាយ រហូតដល់ជំនាន់កូនៗ។ សម្រាប់រឿង «ស្នាមស្នេហ៍សមុទ្ររាមវគ្គ១» តួឯកប្រុសគឺលោក ពៅ ពិសិដ្ឋ និងកញ្ញា អឿន រ៉ូហ្សា ចំណែករឿង «ស្នាមស្នេហ៍សមុទ្ររាមវគ្គ២» ដែលជាវគ្គរបស់កូនៗនោះ តួឯកប្រុសគឺ លោក ខាត់ វ៉ៃហាំង និង តួឯកស្រីគឺកញ្ញា សំណាង អេលីណា៕


