កម្មវិធីបុរសឯកលំដាប់ថ្នាក់ជាតិឆ្នាំ២០២២​ ឬ Mister Supranational 2022 នៅវគ្គផ្តាច់ព្រ័ត្រ​យប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ចប់ជាស្ថាបពរ។ ពីកម្មវិធីដ៏កក្រើកមួយនេះ បានរកឃើញម្ចាស់ជ័យលាភីហើយ ដែលបានទៅលើបេក្ខភាពមកខេត្តកំពង់ធំ គឺបុរសឯក ឡៅ បញ្ញា ។

បុរស​ឯក ឡៅ បញ្ញា គឺជាតារាសម្ដែងប្រុស និងជាអតីត 1st Runner Up Mister Asian International 2019 លោកមានរូបរាងខ្ពស់ស្រឡះ និងមានសាច់ដុំ៦កង់ ជាទីទាក់ទាញ់ចំណាប់អារម្មណ៍ពីបណ្ដាអ្នកគាំទ្រ។ ក្រៅពីអាជីពសិល្បៈហើយនោះ លោកក៏ជាកីឡាករមួយរូបផង និងបានហាត់រៀនក្បាច់គុនល្បុក្កតោតាំងពីលោកមានវ័យ ១៣ឆ្នាំមកម្លេះ។ ព្រោះជាបុរឯកសង្ហារាយមន្តស្នេហ៍ បញ្ញា ហាក់ទទួលបានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជន ជាពិសេសអ្នកគាំទ្រនារីៗមិនតិចនោះទេ ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោក ដែលតែងសម្ញែងរូបភាពបង្អួតសាច់ដុំធំៗ ជាហូរហែលើបណ្ដាញសង្គមនោះ។

លោក ឡៅ បញ្ញា បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក៏សម្រេចចិត្តមករស់នៅទីក្រុងភ្នំពេញដើម្បីតាមរកក្ដីសុបិន។ សំណាងល្អណាស់ បុរសឯករូបនេះ មានរូបសង្ហារូបស្រាប់ ទើបធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍ពីផលិតករភាពយន្តខ្មែរមួយចំនួន និងបានឆក់ឱកាសនេះ សាងប្រជាប្រិយភាពជាតារាសម្ដែង មុននឹងឈានទៅចូលការដណ្ដើមពានរង្វាន់បុរសឯក។ ក្តីស្រមៃក្លាយជាការពិត ព្រោះតែពាក្យថា មិនរាថយ និងមិនចុះចាញ់ងាយៗឡើយ ទើបធ្វើឱ្យបុរសឯក ឡៅ បញ្ញា ផ្ដួលបេក្ខភាពរូបសង្ហាជាច្រើននាក់ទៀតពីក្នុងកម្មវិធី។

ដោយឡែក បុរសឯក ឡៅ បញ្ញា Mister Supranational 2022 មានស្រុកកំណើតនៅខេត្តកំពង់ធំ អាយុ២៤ឆ្នាំ កម្ពស់ ១៨៥សង់ទីម៉ែត្រ និងអាចនិយាយភាសាអង់គ្លេសយ៉ាងជំនាញ៕

Telegram-Troryorng
Share.