តារាចម្រៀងចាស់វស្សារបស់ហង្សមាស ឆន សុវណ្ណរាជ នៅក្នុងឆ្នាំនេះមានវ័យប្រមាណ៣៧ឆ្នាំហើយ ប៉ុន្ដែរឿងស្នេហានៅតែជាអាថ៌កំបាំងសម្រាប់ហ្វេនអ្នកគាំទ្រនៅឡើយ។ បើទោះបីជាសព្វថ្ងៃនេះ គេមើលឃើញថា លោកនៅតែអាចរក្សាអាជីពការងារបានយ៉ាងល្អ ថែមទាំងពង្រីកជំនួញរបស់លោកធំទៅៗជារឿយៗទៀតផង ។

យ៉ាងណាមិញ នៅថ្ងៃម្សិលមិញនេះ (ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២) មហាជនអ្នកគាំទ្របានឃើញរូបភាព ២សន្លឹកដែលតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បង្ហោះឡើងនៅលើហ្វេសប៊ុករបស់ខ្លួន ដែលពិតធ្វើឱ្យហ្វេនៗ ជាពិសេសនារីៗគ្រាំចិត្តមិនស្ទើរនោះទេ។ ទាំងពីរសន្លឹកនោះ ស្ដែងឱ្យឃើញថា លោក ឆន សុវណ្ណរាជ ពិតជាកៀកកិត កៀកកើយយ៉ាងផ្អែមល្ហែមជាមួយនារីម្នាក់ មានត្របកភ្នែកស្ដើងៗ ភ្នែកលឹបៗ មើលទៅដូចជាកូនកាត់ចិន។ ដោយឡែក ហ្វេនបាន Comment ថា ទីបំផុតលោក ឆន សុវណ្ណរាជ ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ហើយ។

លោក ឆន សុវណ្ណរាជ បានបង្ហាញអត្តសញ្ញាណគូស្នេហ៍ដែលមានហ្វេសប៊ុកឈ្មោះថា Xing Sorng និងបានសរសេរ Caption មួយឃ្លាថា ៖ «ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ Xing Sorng» ។ បើទោះបីជាទើបតែបង្ហាញរូបភាពស្និទស្នាលគ្នាបែបនេះឱ្យហ្វេនឃើញក្ដី ក៏ប៉ុន្ដែគេចាប់អារម្មណ៍ថា នារីម្នាក់ដែល ឆន សុវណ្ណរាជ កៀកស្មាយ៉ាងស្អិតនេះ គឺជានារីម្នាក់ដែលលោកធ្លាប់បានបង្ហាញមុខ កាលពីថ្ងៃខួបកំណើតម្ដងរួចមកហើយ ព្រមទាំងព្រលយពាក្យថា «អូនៗ» ពេញៗមាត់ថែមទៀតផង។

ក្រៅពីបង្ហោះនៅលើហ្វេសប៊ុកហើយនោះ នៅលើ IG របស់លោក ឆន សុវណ្ណរាជ វិញក៏មិនធម្មតាប៉ុន្មានដែរ ពោលគឺ ថើបថ្ពល់ស្នេហា សម្ញែងហ្វេនថែមទៀតផង។

ជាមួយគ្នានោះដែរ ហ្វេនអ្នកគាំទ្ររបស់ ឆន សុវណ្ណរាជ បានលើកឡើងថា ពួកគេបានរង់ចាំថ្ងៃនេះយូរមកហើយ ខណៈដែលតារាចម្រៀងជំនាន់ស្រករគ្នានឹងលោក អ្នកខ្លះរៀបការហើយ និងខ្លះទៀតមានកូនប្រលែងលេងបាត់ទៅហើយ។ ហ្វេនអ្នកគាំទ្ររបស់តារាប្រុសរូបនេះបានជូនពរលោកឱ្យកាន់តែមានសុភមង្គល និងទន្ទឹងចាំមើលថ្ងៃដែលលោកចូលរោងជ័យផងដែរ៕

សូមទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.