កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវនគរបាលស្រុកថ្ពងឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចកាត់យកខ្សែកពីក្មេងស្រីដែលម្តាយកំពុងព ដើរលេងនៅកន្លែងពិធីបុណ្យក្នុងភូមិ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ឡូ ទី អាយុ២៧ឆ្នាំ រស់នៅភូមិ តង់ខៀវ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ រ៉េត រាជនី អាយុ២ខួប៨ខែ មានម្តាយឈ្មោះ រឿន ស្រីនិច្ច រស់នៅក្នុងភូមិ ឃុំកើតហេតុ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានម្តាយ រួមជាមួយ ម្តាយមីងម្នាក់ទៀត ឈ្មោះ រឿន ស្រីណាក់ អាយុ១២ឆ្នាំ ពទៅដើរលេងក្នុងពិធីបុណ្យក្នុងភូមិ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្ត្រីសង្ស័យបានធ្វើសកម្មភាពលួចកាត់យកខ្សែកមានទម្ងន់៥ជី ដែលស្ត្រីជាម្តាយពាក់នៅកកូនស្រី ភ្លាមៗស្រែកឆោឡោ ផ្អើលអ្នកក្បែរខាង សមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកខ្សែក បានប្រគល់ឲ្យម្តាយក្មេងរងគ្រោះវិញហើយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.