ភ្នំពេញ ៖ ក្រុមជនសង្ស័យបង្កអសន្តិសុខក្នុងមូលដ្ឋាន ដើរធ្វើសកម្មភាពលួចមិនរើសមុខ កន្លងមកតាមមិនដែលទាន់ ទើបតែនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ប្រទះឃើញមុខជនសង្ស័យកំពុងឡើងផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួច ត្រូវបានពលរដ្ឋ មេភូមិ រាយការណ៍ប្រាប់សមត្ថកិច្ច ទៅឃាត់បានម្នាក់ បក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនបាន ឈ្មោះ ផាត់ សំបូរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិសុធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ឈ្មោះ ផារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ ធ្លាប់ចាប់ខ្លួនពីបទលួច មិនរាងចាល តែងតែដើរធ្វើ សកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមិនរើសមុខ ហើយនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាពលួចដោះ កាត់យកម៉ាសុីនត្រជាក់ នៅផ្ទះមួយកន្លែងក្នុងភូមិព្រៃទា១ បានសម្រេចហើយរត់គេចខ្លួន សមត្ថកិច្ចតាមស្វែងចាប់ខ្លួន ទើបតែនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ប្រទះឃើញជនសង្ស័យកំពុងឡើងផ្ទះជួល ពលរដ្ឋ មេភូមិ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅចាប់ខ្លួនបានម្នាក់ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបានសារភាពថា រូបគេគ្រាន់តែជាអ្នកដើរតាម ជួយកាន់របស់របរ ចំណែកឈ្មោះ ផារ័ត្ន ជាអ្នកចូលលួចផ្ទាល់ ។

ផ្អែកតាមចម្លើយសារភាពនិងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះកន្លងមក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ សាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវរកបក្ខពួកម្នាក់ទៀត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.