ភ្នំពេញ÷បុរស 3 នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីផឹកស៊ីទាស់ពាក្យសម្តីគ្នា បង្កជាហិង្សាវាយតប់គ្នា ផ្អើលហាង ផឹកស៊ីមួយកន្លែង ក្នុងតំបន់អភិវឌ្ឍន៍ ocic រួចបុរសម្នាក់បើករថយន្តមួយគ្រឿង បុកសន្តិសុខបណ្ដាលអោយរងរបួសធ្ងន់ រួចព្យាយាមបើករត់គេចរហូតដល់ លើស្ពានជ្រោយចង្វារ ទើបគេឃាត់បានវាយបែកក្បាលហូរឈាមពេញមុខ។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោង 1:30 ទានីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 29 ខែមីនា ឆ្នាំ 2022 នៅផ្លូវបេតុង ocic  ម្ដុំរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ដំបូងឡើយគេឃើញបុរសម្នាក់ ចូលទៅផឹកស៊ីនៅហាងមួយកន្លែង ក្នុងតំបន់អភិវឌ្ឍន៍ ocic ស្រាប់តែមួយសន្ទុះ ក៏ទាស់ពាក្យសម្តី គ្នាជាមួយអ្នកផឹកស៊ីដូចគ្នា ដែលជាសន្តិសុខនៅតំបន់ ocic បង្កជាហឹង្សាវាយតប់គ្នា បណ្ដាលឲ្យរងរបួសស្រាលទាំងសងខាង រួចបុរសម្នាក់នោះក៏បានចេញទៅ បើករថយន្តមួយគ្រឿងម៉ាក Mercedes  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ  2Q-9423 រួចក៏ត្រូវក្រុមសន្តិសុខកាក់ដើម្បីសួរនាំ តែបុរសនោះមិនបានឈប់ទេ ដោយបើករថយន្ដបំបុកចំសន្តិសុខម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។ រួចក្រុមសន្តិសុខក៏ប្រើដំបងដែក គប់លើកញ្ចក់រថយន្ត កៀបជាប់ពីមុខ ហើយបុរសនោះព្យាយាម បើករត់គេចរហូតដល់រង្វង់មូលជ្រោយចង្វារត្រើយខាងកើត  ដោយបើកគៀរ រង្វង់មូលបណ្ដាលអោយ រងការខូចខាតបន្តិចបន្តួច ហើយត្រូវក្រុមសន្តិសុខ វាយឲ្យបែកមុខបែកមាត់ ហូរឈាមស្រោចខ្លួន បុរសនោះនៅតែមិនឈប់រថយន្ដ ដោយព្យាយាមបើករថយន្ត រត់គេចឡើងលើស្ពានជ្រោយចង្វារទី 2 (ស្ពានមិត្តភាពកម្ពុជា-ចិន)  រហូតដល់ក្នុងទឹកដីសង្កាត់ស្រះចក ហើយបើកប៉ះជើងសន្តិសុខម្នាក់បណ្ដាលឲ្យរងរបួសស្រាលទៀត ទើបត្រូវគេឃាត់បាន។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ នគរបាលសង្កាត់ជ្រោយចង្វារ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ឃាត់ខ្លួនបុរសនោះ យកទៅកាន់ប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖លី សុភ័ស្ត

Share.