ពោធិ៍សាត់ ៖ ក្មេងស្រី២នាក់ក្នុងចំណោមគ្នា៨នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធ័ម ក្នុងរណ្តៅបូមខ្សាច់ បន្ទាប់នាំគ្នាហែលឆ្លងទៅរកកាប់ឫស្សី លុះហែលត្រឡប់មកវិញ ទើប ដឹងថាបាត់គ្នា២នាក់ បង្កឲ្យភ្ញាក់ផ្អើល កាល ពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅ ការដ្ឋានបូមខ្សាច់មួយកន្លែង យីហោ ម៉ុក សុខគាំ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ឆេង គឹមឌី អាយុ១៣ឆ្នាំ មុខរបរ សិស្ស ឪពុក ឈ្មោះ ឆេង គា អាយុ៥៣ឆ្នាំ និងម្ដាយឈ្មោះ ព្រុំ សារ៉េន អាយុ៤៧ឆ្នាំ ។ ទី២ ឈ្មោះ ជា ពល្លិកា អាយុ ១២ឆ្នាំ មុខរបរ សិស្ស ឪពុកឈ្មោះ សែម សារិន អាយុ៥៥ឆ្នាំ និងម្ដាយ ឈ្មោះ ហ៊ុយ សុគន្ធា អាយុ ៥២ឆ្នាំ បច្ចុប្បន្ន ក្មេងស្រីរងគ្រោះទាំង២នាក់ រស់នៅភូមិ ឃុំកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានក្មេងចំនួន៨នាក់ នាំគ្នាទៅរកកាប់ឫស្សី នៅត្រង់ចំណុចកើតហេតុ ក៏ប៉ុន្តែអត់មានផ្លូវដើរ ដោយសារការដ្ឋានបូមខ្សាច់បានផ្តាច់ផ្លូវ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនហើយ។ ម្យ៉ាងឫស្សីមានតែនៅត្រើយម្ខាង ទើបនាំគ្នាហែល ឆ្លងទឹករណ្តៅខ្សាច់ កាប់ឫស្សីបាន១ដើមម្នាក់ហើយ ក៏ហែលឆ្លងមកវិញ ដល់គោក ស្រាប់ តែបាត់ក្មេងស្រី២នាក់ ដឹងថាលង់ទឹកហើយ ស្រែកហៅឲ្យអ្នកភូមិជួយ ផ្អើលទាំងក្រុម គ្រួសារចុះរាវរក ប្រទះឃើញក្មេងរងគ្រោះទាំង២នាក់បានស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីសាកសួរ ហេតុផល ដែលក្មេងទាំង៨នាក់ទៅ រកកាប់ ឫស្សីនោះ ក្នុងគោល បំណងកាប់ឫស្សីម្នាក់១ដើមយកទៅសាលារៀន ទៅតាមគ្រូ ឲ្យសិស្សរក ។

សពក្មេងរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យហើយ ពិត ជាស្លាប់ដោយសារលង់ទឹករួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាម ប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.