ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានបញ្ហាឬវិបត្តិអ្វី ខណៈដែលធ្វើដំណើរតាមទូកដ ដល់កណ្តាលទន្លេ បែរជាលោតចុះក្នុងទឹក លង់លិចបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅកណ្តាលទន្លេមេគង្គក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើងឡើងជិះទូកដឆ្លងពីព្រែក លៀបទៅសង្កាត់កោះដាច់ខណៈដែលទូកដល់កណ្តាលទន្លេ ស្រាប់តែលោតទម្លាក់ខ្លួនចូលទៅក្នុងទឹក បណ្តាលឲ្យលង់លិចបាត់ ទាំងពុំមានបន្សល់ទុកអ្វីនៅលើទូកដឡើយ បង្កឲ្យផ្អើលឆោឡោដល់អ្នករួមដំណើរលើទូកដ។

ភ្លាមៗបុរសខាងលើពុំត្រូវបានអ្នកណាស្គាល់អត្តសញ្ញាណឡើយ ក្នុងឯកសណ្ឋាន ពាក់អាវសដៃខ្លី ស្លៀកខោជើងវែង ។ ក្រោយកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ច តាមស្វែងរកមើល តែមិនឃើញ ៕​

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.