សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានបំណងបញ្ឈប់ការពាក់ម៉ាស់ ដោយចាប់ផ្ដើមពីស្រុកណាមួយ ឫខេត្តណាមួយ ប៉ុន្ដែការធ្វើដំណើរឆ្លងខេត្ត ត្រូវតែពាក់ម៉ាស់។ ការប្រកាសនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយចំនួន បានលើកលែងការពាក់ម៉ាស់ហើយ។ 

សម្ដេច ហ៊ុន សែន ក៏បានលើកឡើងទៀតថា «ការពាក់ម៉ាស់ក៏ជាផ្នែកមួយ នៃការចំណាយផងដែរ»។សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពីធីសម្ពោធផ្លូវ ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២។

ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អ ហើយក៏ជាប្រទេសដែលបានចាក់វ៉ាក់សាំងបានច្រើននៅក្នុងប្រទេស។ 

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា រាំលេងកម្សាន្ត សប្បាយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ 

យោងតាមការព្យាករណ៍របស់ The Asean post បានបង្ហាញថា ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងការឆ្លងទាបបំផុត ធ្វើឲ្យតួលេខកម្ពុជាស្ថិតនៅក្នុងបាតតារា នៃការឆ្លងជំងឺកូវីដ១៩តិចជាងគេ នៅក្នុងតំបន់អាស៊ាន។ ប្រទេសដែលនាំមុខ នៃការឆ្លងច្រើននៅក្នុងប្រទេស អាស៊ាន គឺប្រទេស វៀតណាមលេខ១ ឥណ្ឌូនេស៊ីលេខ២ ម៉ាឡេស៊ីលេខ៣ ថៃលេខ៤ ហ្វីលីពីនលេខ៥ សិង្ហបុរីលេខ៦ មីយ៉ាន់ម៉ាលេខ៧ ឡាវលេខ៨ ប្រុយណេលេខ៩ និងកម្ពុជាលេខ១០៕ 

Share.