អាមេរិក – អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ BTS ពិសេស​អ្នក​គាំទ្រ​ដោយ​ចំពោះ​សមាជិក​ក្រុមគឺ V ប្រាកដ​ជា​រំភើប​ជាក់​ជាមិន​ខាន​នៅពេល​បានឃើញ Kim Taehyun (V) ដើរ​ទៅ​រក​ Lady Gaga ដល់​កន្លែង​អង្គុយ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ 2022 Grammy Awards។

នៅ​ក្នុង​វីដេអូនោះ​បុរស​ជា​តារា​ចម្រៀង​កូរ៉េ​បាន​ដើរ​ទម្លុះ​ហ្វូង​មនុស្ស​ដើម្បី​ទៅ​រក​ Lady Gaga ហើយ​នៅ​ពេល​បាន​ជួប​នាង​ហើយ​នោះ​ពួក​គេ​បាន​ឱប​គ្នា​។

ហ្វេន​ៗ​ដែល​បាន​ឃើញ​រូប​ភាព​ចែក​រំលែក​លើ​ Twitter បាន​បង្ហាញ​អារម្មណ៍​វិជ្ជមាន​ដោយ​បញ្ចេញ​ជា​មតិ​យោបល់​ផ្សេងៗ​ដូច​ជា​ «កក់ក្ដៅ​ចិត្ត​ណាស់​» «គួរ​ឱ្យ​ស្រលាញ់​ណាស់​» ខណៈ​ដែល​មាន​អ្នក​លេង​ Twitter ម្នាក់​បាន​លើក​​ឡើង​ថា​ ខ្លួន​កំពុង​តែ​ស្រក់​ទឹក​ភ្នែក​។

ក្រៅ​ពី​ឱប​គ្នា​ហើយ​នោះ​អ្នក​ទាំង​ពីរ​ថែម​ទាំង​ថត​រូប​ជា​អនុស្សាវរីយ៍​រួម​គ្នា​ហើយ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម Twitter ថែម​ទៀត​ ដោយ​រូបភាព​នោះ​ត្រូវបាន​អ្នក​ប្រើប្រាស់​ Twitter លើក​ឡើង​ថា​ «​នេះ​ជា​រឿង​ដ៏​ស្រស់​ស្អាត​បំផុត​ដែល​បាន​កើត​មាន​ឡើង​។»

សកម្មភាព​របស់​ V កាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​សំខាន់​របស់​ Lady Gaga ក្រោយ​ក្រុម​ BTS ទាំង​មូល​ធ្លាប់​បាន​ទទួល​ស្គាល់​ថា​ពួក​គេ​មាន​ក្ដី​សុបិនចង់​ច្រៀង​រួម​ជាមួយ​នឹង​ Lady Gaga។

ក្រោយ​ទទួល​បាន​ដំណឹង​ចង់​ច្រៀង​រួ​ម​គ្នា​ខាង​លើ​នេះ​ហ្វេន​ៗ​បាន​ហៅ​ថា​ «គឺ​ជា​ការ​ផ្សំ​ផ្គុំ​ច្រៀង​រួម​គ្នា​មួយ​ដែល​ឋាន​សួគ៌​ប្រទាន​»

ងាក​មក​ការ​ប្រគល់​រង្វាន់​ឯណោះ​វិញ​ អ្នក​គាំទ្រ​មួយ​ភាគ​ធំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ដែល​ BTS មិន​ទទួល​បាន​ពាន​រង្វាន់​ Group Performance award ហើយ​រង្វាន់​បែរ​ជា​ធ្លាក់​ទៅ​លើ​ SZA និង Doja Cat ទៅវិញ​៕

ប្រភព៖ Independent

Telegram-Troryorng
Share.