គ្រូតឿ កំពុងធ្វើឲ្យមហាជនមានការទាក់ទាញតាមរយៈការផលិតវីដេអូកំប្លែងនោះ ឥលូវនេះត្រូវសមត្ថកិច្ចហៅសួរនាំ ក្រោយក្រុមរបស់គ្រូតឿ បានផលិតវីដេអូមួយស៊ីអាចម៍គោ ដែលធ្វើឲ្យមហាជនរិះគន់ចំពោះសកម្មភាពមួយនេះ។

សមត្ថកិច្ច នគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំ បញ្ជារបស់ លោកឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្រ ស្នងការខេត្ត បានហៅគ្រូតឿមកប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌ នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា សកម្មភាពរបស់បុគ្គលម្នាក់នេះ និងបក្ខពួក អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺនាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម ហើយបន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត៕ 

Share.