ចិន – កាល​ពី​អំឡុង​ឆ្នាំ​២០១៧-២០១៩ ខណៈ​ដែល​ Alexadre Pato ចេញ​ទៅ​លេង​ឱ្យ​ក្លិប​បាល់ទាត់​ Tianjin Quanjian ក្នុង​ក្របខណ្ឌ​ Chinese Super League បុរស​​ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ធ្លាប់​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​តារា​ស្រី​ចិន​ Dilraba Dilmurat យ៉ាង​ខ្លាំង​។

រឿង​រ៉ាវ​ដែល​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​លំដាប់​ប្រទេស​នៅ​ក្នុង​ពិភព​បាល់ទាត់​របស់​ប្រទេស​ចិន​​ ហើយ​ក្លាយ​ជា​ដំណឹង​ផ្អើល​​ពិភពលោក​នោះ​គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​ក្រុម​សាំបា ​ធ្លាប់​បាន​ចេញ​មក​សារភាព​ថា​ខ្លួន​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ «Dilraba» តារា​សម្ដែង​ Super Star លំដាប់​ប្រទេស​របស់​ចិន​ ក្រោយ​បាន​ឃើញ​កញ្ញា​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​។​

កាលណោះ​ Pato បាន​ចេញ​មក​និយាយ​ថា​ Dilraba គឺ​ជា​នារី​ម្នាក់​ដែល​ស្អាត​បំផុត​ ហើយ​បើ​ទោះ​ជា​ពេល​នេះ​កញ្ញា​នៅ​មិន​ទាន់​ចាប់​អារម្មណ៍​លើ​ខ្លួន​ តែ​លោក​ជឿ​ថា​បើសិន​លោក​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ញឹកញាប់​ នាង​អាច​នឹង​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​លោក​នៅ​ថ្ងៃ​ណា​មួយ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ Pato នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Weibo របស់​ចិន​។

ក្រោយ​ព្យាយាម​តាម​ស្នេហ៍​ Dilraba តួ​ឯក​ស្រី​ពី​ភាព​យន្ត​ «You Are My Glory» អស់​រយៈ​ពេល​៥​ខែ​តែ​គ្មាន​លទ្ធផល​ Pato ក៏​សម្រេច​ចិត្ត​ដក​ចិត្ត​ចេញ​ពី​ស្នេហា​តែ​ម្ខាង​ហើយ​ងាក​ទៅ​សេពគប់​នារី​ម៉ូដែល​កាណាដា​វិញ​។

គួរ​ដឹង​ថា​ Dilraba គឺជា​តារា​សម្ដែង​ចិន​វ័យ​២៩​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស៊ិនជៀង ជា​នារី​ជនជាតិ​ចិន​គោរព​បូជា​សាសនា​អ៊ីស្លាម​ ដោយ​សារ​តែ​មាន​មុខ​មាត់​ស្អាត​ ភ្នែក​ធំ​ ច្រមុះ​ស្រួច​ ស្បែក​ស​រលោង​ធ្វើ​ឱ្យ​នារី​រូប​នេះ​សាង​បាន​ភាព​ល្បីល្បាញ​យ៉ាង​ឆាប់​រហ័ស​ក្នុង​អាជីព​សម្ដែង​។

សម្រាប់​សមិទ្ធិផល​ភាពយន្ត​ល្បី​ៗ​របស់​ Dilraba ដែល​ប្រិយមិត្ត​ទស្សនិកជន​បាន​ស្គាល់​និង​ទស្សនា​មាន​ដូច​ជា​ « Eternal Love of Dream ឬ​ សុបិន​ស្នេហ៍​ទេវតាបីជាតិ​», «Chang Ge» និង​ «You Are My Glory» ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​បុរស​សង្ហា​ Yang Yang ផង​ដែរ៕

ប្រភព៖ Sanook, Marca

Telegram-Troryorng
Share.