បឋមវ័យរបស់ខ្ញុំបានចាប់ផ្ដើមដោយក្ដីស្រឡាញ់ប្រកបដោយភាពច្របូកច្របល់ ដែលមិនដឹងថា តើជាស្នេហាពិត ឫគ្រាន់តែជាមនោសញ្ចេតនាស្នេហាបែបយុវវ័យ ទើបពេញវ័យនោះទេ? នៅអំឡុងរៀនវិទ្យាល័យ ខ្ញុំបានចាប់ផ្ដើមមានមនោសញ្ចេតនាជាមួយមិត្តរួមថ្នាក់ ទំនាក់ទំនងបានកើតឡើងដោយការបង្អាប់ និងការស្និទ្ធស្នាលគ្នា។ ទំនាក់ទំនងបាន១ឆ្នាំ ខ្ញុំបានបោះបង់នាង ហើយក៏មានពាក្យពេចន៍ជាច្រើន ពីការមិនទទួលខុសត្រូវរបស់ខ្ញុំចំពោះនាង ហើយមានពេលខ្លះគេថាខ្ញុំជាមនុស្សកំសាកទៀតផង។ ហេតុអ្វីខ្ញុំបោះបង់នាង? តទៅនេះខ្ញុំនឹងចែករំលែករឿងរ៉ាវស្នេហាបឋមវ័យរបស់ខ្ញុំ ទៅកាន់ប្រិយមិត្តតាមរយៈ សារព័ត៌មានត្រយង ដូចខាងក្រោមនេះ ៖ 

មែនទែនទៅ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្រឡាញ់នាងនៅអំឡុងវ័យសិក្សា ហើយខ្ញុំគ្មានចំណូលអ្វីនោះទេ ហើយមួយទៀត ខ្ញុំបានចាប់ផ្ដើមមានស្នេហា តាមរយៈការបង្អាប់របស់មិត្តភក្ដិ នៅពេលដែលខ្ញុំនៅជាមួយនាង ធ្វើកិច្ចការសាលាជាមួយគ្នា ឬញាំអីជាមួយគ្នាតែប៉ុណ្ណោះ។ យូរៗទៅវាក្លាយទៅជាស្នេហាមិនដឹងខ្លួន រាល់ពេលគេងខ្ញុំនឹកនាង ចង់នៅក្បែរនាង ប៉ុន្ដែមានពេលខ្លះ បែរជាអៀនទៅវិញ នៅពេលនៅក្បែរនាង នៅអំឡុងពេលដឹងថា ស្រឡាញ់នាងដំបូង ខណៈខ្លួនឯងធ្លាប់ជាមនុស្សជួយកិច្ចការនាងជាច្រើនទៅហើយនោះ។ 

ខ្ញុំសុំអនុញ្ញាតមិនបញ្ចេញឈ្មោះនាង តែខ្ញុំចាំថានៅពេលនោះនាងមានអាយុប្អូនខ្ញុំ១ឆ្នាំ នាងអាយុ ១៦ឆ្នាំ ឯខ្ញុំ១៦ឆ្នាំ។ វាជាមនោសញ្ចេតនាបឋមវ័យមួយ។ តែខ្ញុំបានចាប់ផ្ដើមស្គាល់ចិត្តរបស់ខ្លួនឯង នៅពេលមួយនាងបានចោទសួរខ្ញុំថា តើស្រឡាញ់នាងដែរទេ? ខ្ញុំឆ្លើយភ្លាមថា ខ្ញុំស្រឡាញ់ ។ សំណួរទី០២ ដែលធ្វើឲ្យខ្ញុំមិនអាចឆ្លើយតបបាននោះគឺថា នាងមានគេចូលចែចូវទៅហើយ ហើយម្ដាយនាងក៏យល់ព្រម ព្រោះគេមានវ័យលើនាង ជិត១០ឆ្នាំ គេមានការងារធ្វើល្អ និងប្រាក់ចំណូលគួរសម បើធៀបនឹងខ្ញុំមិនដឹងកោះត្រើនៅឯណា? ។ 

ទំនាក់ទំនងបាន១ឆ្នាំ សំណួរដែលសួរមកខ្ញុំខាងលើនេះ ខ្ញុំដំអក់ហើយក៏សុំគាត់ពិចារណា អស់រយៈពេលពេញ១សប្ដាហ៍ ទីបំផុតខ្ញុំរកចម្លើយឃើញ ហើយក៏ណាត់នាងជួប ហើយបានប្រាប់នាងគ្រប់បែបយ៉ាង នៅចំណុចជាបញ្ហា ដូចជា យើងកំពុងសិក្សា ខ្ញុំមិនទាន់មានការងារធ្វើ ហើយពួកយើងក៏មិនដែលនិយាយអំពីផែនការជីវិត បើទោះគិត ក៏មិនទាន់ចេះរៀបចំខ្លួនដូចម្ដេច ព្រោះខ្ញុំជាមនុស្សក្រីក្រម្នាក់ សូម្បីតែការសិក្សាបន្ដ នៅថ្នាក់មហាវិទ្យាល័យ ខ្ញុំស្ទើរតែគ្មានលទ្ធភាពរៀនតផង។ ម៉្លោះហើយ ខ្ញុំក៏បានសារភាពប្រាប់នាងថា «យើងបែកគ្នាទៅ ហើយអូនយល់ព្រមជាមួយម៉ាក់រៀបការជាមួយគេចុះ» ។ 

បើទោះជាខ្ញុំបានអួលដើមក និយាយស្ទើរតែមិនចេញ តែខ្ញុំបានតាំងចិត្តច្រើនលើកច្រើនសារ ដើម្បីប្រាប់នាងបែបនេះ ហើយបន្ដទៀតថា តាមអ្វីដែលយើងនិយាយខ្ញុំដឹងថាគេជាមនុស្សល្អ គេមានប្រាក់ចំណូល ហើយមានលទ្ធភាព មើលថែអូនរហូតដល់ចាស់កោងខ្នង អូនគួរតែរៀបការជាមួយគេទៅ យល់ព្រមហ្នឹងគេទៅ។ នាងមិនបានឆ្លើយតបនឹងខ្ញុំទេ តែនាងបង្ហាញពីទឹកមុខមិនសប្បាយចិត្ត ហើយក៏លាទៅផ្ទះរៀងខ្លួនវិញ។ 

មិនយូរប៉ុន្មានរឿងរបស់យើងក៏បានបែកធ្លាយដល់មិត្តភក្ដិផ្សេងទៀត មិត្តភក្ដិទាំងឡាយ បានស្ដីបន្ទោសខ្ញុំថា ជាមនុស្សកំសាក គ្មានទំនួលខុសត្រូវ ហើយជាមនុស្សខ្លាចនឹងការតស៊ូចំពោះស្នេហា ។ ខ្ញុំស្ដាប់ហេតុផលរបស់ពួកគេ គឺសុទ្ធតែត្រូវទាំងអស់ ខ្ញុំមិនខឹងនឹងពួកគេនោះទេ តែខ្ញុំនៅតែរារែក ពិចារណាហើយពិចារណាទៀត ខ្ញុំពិតជាកំសាកមែន សូម្បីតែពាក្យមួយម៉ាត់ប្រាក់ម៉ាក់ ប៉ាថា ខ្ញុំមានស្នេហា ហើយចង់ឲ្យពួកគាត់ចូលស្ដីដណ្ដឹងនាង ក៏មិនហ៊ានហាមាត់ផង ព្រោះបើខ្ញុំហ៊ាននិយាយខ្ញុំដឹងចិត្តពួកគាត់ថា ឯងនៅក្មេងណាស់ ឯងមានលទ្ធភាពអីទៅចិញ្ចឹមគេ។ វាជាការគិតរបស់ខ្ញុំទុកជាមុន ហើយវាគឺជាមូលហេតុដែលខ្ញុំ មិនហ៊ានទទួលខុសត្រូវគ្រប់យ៉ាង។ ណាមួយទៀត ខ្ញុំគិតថា ស្នេហាជាការលះបង់ ប្រសិនបើគេជួបមនុស្សល្អហើយ ហេតុអ្វីយើងមិនដោះលែងឲ្យគេទៅ យើងសុខចិត្តឈឺចាប់រយៈពេលខ្លី ប៉ុន្ដែខ្ញុំជឿជាក់ថា គេនឹងរីករាយរយៈពេលវែង។ 

ទីបំផុតការសម្រេចចិត្តដើរចេញពីគេដោយខ្ញុំធ្វើចរិតសោះកក្រោះ និងមិនអើរពើនឹងនាង ធ្វើឲ្យនាងសម្រេចចិត្ត រៀបការជាមួយគេនោះ តាមការរៀបចំរបស់ឪពុកម្ដាយ។ ឯពាក្យពេចន៍ នៃការរិះគន់ពីសំណាក់មិត្តភក្ដិ នៅតែលាន់លឺ ជុំវិញត្រចៀករបស់ខ្ញុំថា ខ្ញុំជាមនុស្សកំសាក ដោះលែងស្នេហាទាំងអ្នកទាំងពីរនៅស្រឡាញ់គ្នា។ 

ថ្វីបើរឿងនេះ កើតឡើងអស់រយៈពេល ៦ ទៅ ៧ឆ្នាំកន្លងផុតទៅហើយ ឲ្យតែខ្ញុំនឹកឃើញស្នេហាគ្រាដំបូង ខ្ញំរមែង មិនសប្បាយចិត្ត ហើយនឹកអាណិត ខណៈដែលគេកំពុងមានក្ដីសុខហើយក៏មិនដឹង តែវិប្បដិសារី ដែលខ្ញុំបង្កើតឡើង វានៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ ដោយមានពាក្យថា ជាមនុស្សកំសាក គ្មានទំនួលខុសត្រូវចំពោះស្នេហា។ 

ច្រើនឆ្នាំមកនេះ ខ្ញុំបែកពីនាងខ្ញុំក៏មិនទាន់មានជីវភាពធូរធាដែរ គ្រាន់តែមានប្រាក់ចំណូលតិចតួចគ្រាន់ចិញ្ចឹមជីវិតខ្លួនឯង ខុសពីនៅពេលសិក្សា តែទឹកប្រាក់ប៉ុណ្ណេះ នៅតែជាឧបសគ្គរបស់ខ្ញុំ សម្រាប់ការចាប់ផ្ដើម ទទួលស្នេហាថ្មីទៀត «ខ្ញុំខ្លាច ខ្ញុំខ្លាចខ្ញុំជាមនុស្សកំសាក ខ្ញុំខ្លាចចិញ្ចឹមគេមិនរស់»។ តើត្រូវធ្វើដូចម្ដេច ដើម្បីលប់លាងដានដ៏អាក្រក់មួយនេះ ចេញពីខួក្បាលរបស់ខ្ញុំ?

រឿងរ៉ាវទាំងអស់នេះ ខ្ញុំក៏ចង់សួរទៅត្រយង ហើយនឹងប្រិយមិត្តសារព័ត៌មានត្រយងថា ៖

-ខ្ញុំ​សម្រេច​ចិត្ត​បែក​ខុស​ដែរ​ទេ?

-ខ្ញុំ​ពិតជា​កំសាក​មែនឬ?

-ខ្ញុំ​គេច​មុខ​នាង​បែប​នេះ​ជា​ជម្រើស​មិន​ល្អ​មែន​ទេ?

-តើ​ត្រូវ​ដូច​ម្ដេច​ដើម្បី​ខ្ញុំ​អាច​ប្រឈម​មុខ​ការ​ពិត​?

ចុះអ្នកវិញ?

អត្ថបទ៖ សុផាត ប្រិយមិត្តត្រយង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.