កូរ៉េ​ – អ្នក​គាំទ្រ​និង​អ្នក​លេង​បណ្ដាញ​សង្គម​​កំពុង​តែ​ខឹង​សម្បារ​ចំពោះ​រឿង​ដែល​កើត​ឡើង​ចំពោះ​​ Holland តារា​ចម្រៀង​ K-pop ធ្លាប់​​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​ជា​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ ដោយ​​សារគេ​ត្រូវ​មនុស្ស​មិន​​ស្គាល់​វាយ​និង​ជេរ​ប្រមាថ។

កាល​ពី​ឆ្នាំ​២០១៨​ Holland គឺជា​អាយដល​ K-pop ដំបូង​ដែល​ហ៊ាន​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​ជា​ Gay ក្រៅ​ពី​មិន​ទទួល​រង​ការស្អប់​ខ្ពើម​និង​រើស​អើង​ តារា​រូប​នេះ​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​ Holland បាន​ចេញ​មក​ទម្លាយ​ថា​ខ្លួន​បាន​​ជួប​ប្រទះ​ហេតុការណ៍​ដ៏​គួរ​ឱ្យ​តក់ស្លុត​និង​សោកសៅ​ចិត្ត​ជា​ទីបំផុត​ ពាក់​ព័ន្ធ​នឹង​ការ​រើសអើង​ភេទ​។

នៅ​លើ​បណ្ដាញ​សង្គម​ Holland បាន​សរសេរ​រៀបរាប់​ថា​៖ «គេ​កំពុង​រង​របួស​​ទាំង​ផ្នែក​រាងកាយ​និង​អារម្មណ៍​ដោយ​សារ​តែ​ពាក្យ​សម្ដី​របស់​មនុស្ស​មិន​ស្គាល់​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​ Itaewon ក្នុង​ក្រុង​ Seoul ព្រម​ជាមួយ​នឹង​រូប​ថត​របួស​ចេញ​ឈាម​លើ​ខ្ទង់​ច្រមុះ​»។ Holland បាន​សរសេរ​បន្ត​ទៀត​ថា​៖ «ក្នុង​ខណៈ​ដែល​ខ្លួន​កំពុង​តែ​ដើរ​កម្សាន្ត​ជាមួយ​នឹង​អ្នកចាត់​ការ​និង​មិត្ត​ៗ​ ស្រាប់​តែ​ត្រូវ​មនុស្ស​មិន​ស្គាល់​ម្នាក់​មក​ដាល់​ចំ​កណ្ដាល​មុខ​ចំនួន​២​ដង​ ថែម​ទាំង​ស្រែក​ហៅ​គេ​ថា​ «អាខ្ទើយ​កខ្វក់»

ក្រោយ​រង​របួស​ Holland បាន​ចេញ​មក​បង្ហើប​ថា​ខ្លួន​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​អាជ្ញាធរ​រួចរាល់ហើយ​ ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា​រឿង​ក្ដី​នេះ​នឹង​ឆាប់​ដោះ​ស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស​ លោក​ថែម​ទាំងនិយាយ​ថា​លោក​ខឹង​យ៉ាង​ខ្លាំង​ ហើយ​ក៏​សង្ឃឹម​ណាស់​ដែរ។
«នេះ​គឺជា​​បទ​ល្មើស​​ព្រហ្មទណ្ឌដែល​អាក្រក់​បំផុត​ ទោះជាខ្ញុំ​និយាយ​ថា​ខ្លួន​ឯង​ជា​ Gay តែ​ខ្ញុំ​មិនគួរ​ជួប​នឹង​ហេតុការណ៍​ហិង្សាបែបនេះ​ឡើង​ ក្រុម​មនុស្ស​ LGBT ស្ត្រី​ និង​ ក្រុមមនុស្ស​ដែល​មាន​ឱកាស​តិចតួច​ក្នុង​ពិភព​លោក​នេះ​ក៏​ដូច​គ្នា​។ ពិសេស​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ឆ្នាំ​ ២០២២ ដូច្នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ការ​ពិត​ដែល​គួរ​ឱ្យ​សោកសៅ​ចិត្ត​បំផុត​ចំពោះ​សិទ្ធិ​មនុស្ស​»

ចុងក្រោយ Holland បាន​បន្ថែម​ទៀត​ថា​ មិន​គួរ​មាន​មនុស្ស​ណា​ម្នាក់​សម​នឹង​ទទួល​ការ​ប្រមាថ​ដូច​គ្នា​នេះ​ទេ​ លោក​សង្ឃឹម​ថា​ពិភព​លោក​នឹង​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់​ និង​ក្ដី​សង្ឃឹម​ ជំនួស​ឱ្យ​ការ​ប្រើ​ហិង្សា​និង​ការ​ស្អប់​គ្នា​វាយ​ប្រហារ​គ្នា​៕

ប្រភព៖ Allkpop

Share.