យោងតាមគេហទំព័រ USA TODAY ព្រះអង្គម្ចាស់ Harry បានទម្លាយឱ្យដឹងតាមរយៈបទសម្ភាសពីក្នុងភាពយន្តឯកសារ «The Me You Can’t See» ដែលជាស្នាដៃផលិតរួមគ្នាជាមួយនឹងពិធីការិនីល្បី Oprah winfrey ថាទ្រង់កើតជំងឺភ័យខ្លាចក្រោយឃើញមាតាទ្រង់ត្រូវបានក្រុមអ្នកកាសែតតាមប្រមាញ់ រហូតដល់ថ្ងៃមួយត្រូវបាត់បង់ជីវិតក្នុងគ្រោះថ្នាក់រថយន្ត តែទ្រង់មិនអាចជួយអ្វីបាន។ មរណភាពរបស់មាតាបានធ្វើឱ្យព្យាយាមរត់គេចពីបញ្ហាហើយព្យាយាមដើរទៅមុខ។នៅពេលមានអ្នកណាសួរទ្រង់ថាសុខសប្បាយទេ ទ្រង់តែតែឆ្លើយថា សុខ គ្មានសប្បាយ គ្មានកើតទុក្ខ ទាំងដែលការពិតទ្រង់មានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងឯកសារនោះបានបង្ហាញថាទ្រង់រងការប៉ះទង្គិចនិងតក់ស្លុតខ្លាំងជាពិសេសនៅអាយុខ្ទង់២០ឆ្នាំ នៅពេលដែលទ្រង់ត្រូវបំពេញកាតព្វកិច្ចរាជការក្នុងនាមជាព្រះញាតិវង្ស។
«រាល់ពេលខ្ញុំឡើងទៅលើឡាន រាល់ពេលដែលខ្ញុំឃើញកាំមេរ៉ា ខ្លួនខ្ញុំចាប់ផ្ដើមបែកញើស ហើយចាប់ផ្ដើមខ្លាច ហើយហេតុការណ៍បានក្លាយជាសុបិនអាក្រក់សម្រាប់ជីវិតខ្ញុំ ខ្ញុំរស់នៅជីវិតដែលត្រូវប្រយុទ្ធឬរងចាំការប្រយុទ្ធជានិច្ច»។
ដើម្បីគេចពីការឈឺចាប់ទ្រង់ចាប់ផ្ដើម ដើរលេងជប់លាងផឹកស៊ី និងលេងថ្នាំ។ «ខ្ញុំចាប់ផ្ដើមចង់ផឹក ចាប់ផ្ដើមប្រើថ្នាំ ហើយចាប់ផ្ដើមធ្វើសកម្មភាពដែលធ្វើឱ្យខ្ញុំមានអារម្មណ៍មិនមែនជាខ្លួន ប៉ុន្តែបន្តិចម្ដងៗខ្ញុំចាប់ផ្ដើមដឹងខ្លួន អូខេ ខ្ញុំឈប់ផឹកពីចន្ទដល់សុក្រទៀតហើយ តែមួយសប្ដាហ៍ខ្ញុំប្រហែលជាផឹកមួយថ្ងៃគឺនៅថ្ងៃសុក្រឬនៅថ្ងៃសៅរ៍ពេលយប់។ ខ្ញុំរកឃើញខ្លួនឯង ខ្ញុំផឹកស្រាមិនមែនខ្ញុំសប្បាយនឹងការផឹកនោះទេ តែខ្ញុំផឹកដើម្បីបិទកុំឱ្យនឹកនារឿងផ្សេង»។

ក្នុងជីវិតជាព្រះអង្គទ្រង់មិនដែលមានក្ដីសុខឡើយ តែទ្រង់រីករាយបំផុតគឺរយៈពេល១០ឆ្នាំដែលទ្រង់បំរើកងទ័ពព្រោះគ្រប់គ្នាចាត់ទុកទ្រង់ជាមនុស្សធម្មតាម្នាក់។ ព្រះអង្គម្ចាស់ Harry មានបន្ទូលថាទ្រង់បានទៅព្យាបាលជំងឺផ្លូវចិត្តនៅពេលដែលទ្រង់ចាប់ផ្ដើមទាក់ទង Meghan ព្រោះនៅពេលដែលអ្នកទាំងពីរឈ្លោះទាស់ទែងគ្នា Harry កាលពីអាយុ១២ឆ្នាំបានត្រលប់មកវិញ ហើយនោះក៏ជាចំណុចចាប់ផ្ដើមដែលទ្រង់ត្រូវការព្យាបាល។
«នៅពេលដែលខ្ញុំចាប់ផ្ដើមព្យាបាលនៅលើកទីពីរគ្រូពេទ្យបាននិយាយមកកាន់ខ្ញុំថា ខ្ញុំមានអារម្មណ៍ថាទ្រង់វិលទៅរក Harry អាយុ១២ឆ្នាំវិញ។ ពេលនោះខ្ញុំមានអារម្មណ៍ខ្មាសអៀន ទើបឆ្លើយការពារខ្លួនថា ម៉េចក៏អ្នកឯងហ៊ានហៅខ្ញុំថាជាក្មេង។ ពេលនោះអ្នកគ្រូពេទ្យបាននិយាយមកកាន់ខ្ញុំថា ខ្ញុំអាណិតនិងស្រណោះចំពោះទ្រង់ ចំពោះសោកនាដកម្មដែលទ្រង់ជួបប្រទះកាលពីក្មេង។ ហើយនោះគឺជាចំណុចចាប់ផ្ដើមរបស់ខ្ញុំ ខ្ញុំស្ទើរតែជាប់គាំងទៅក្នុងការគិតមួយនឹងអស់មួយជីវិតប្រសិនបើខ្ញុំបន្តរស់នៅក្នុងរាជវាំងជាមួយនឹងព្រះញាតិវង្ស»។

នៅក្នុងវីដេអូឯកសារនោះក៏មានសម្ភាសតារាចម្រៀង Lady Gaga ដែលនឹងមកនិយាយអំពីរឿងដែលត្រូវផលិតករតន្ត្រីបំពានផ្លូវភេទកាលពីអាយុ១៩ឆ្នាំ រហូតធ្វើឱ្យនាងមានទម្ងន់ថែមទៀត។
រឿងរ៉ាវគ្រប់យ៉ាងពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត បញ្ហាផ្លូវចិត្តដែលបុគ្គលល្បីៗនិងតារាល្បីបានជួបប្រទះនឹងត្រូវបានទម្លាយយ៉ាងក្បោះក្បាយនៅក្នុងកម្មវិធីវីដេអូឯកសារ «The Me You Can’t See» លើកញ្ចក់ទូរទស្សន៍ Apple TV+៕
