បាត់ដំបង៖ អំឡុងខែឧសភានេះ សាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនមុខសញ្ញាជួញដូរអាវុធប្រុស/ស្រីចំនួន ៧នាក់ឲ្យជាប់ពន្ធនាគា។

មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងនៅថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២២នេះថា ករណីផលិត ឬចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវជាច្រើនប្រភេទ ក្រោយបញ្ចប់ការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងការិយាល័យជំនាញបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបង កាលពីអំឡុងថ្ងៃទី ៧ ខែឧសភាកន្លងទៅ ហើយបច្ចុប្បន្ននេះជនល្មើសទាំងអស់គឺកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាតាមនីតិវិធីហើយដែរ។

ប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ខាងលើធ្វើឡើងរយៈពេល ២ថ្ងៃ កាលពីដើមខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុច ៤គោលដៅ ក្នុងនោះគោលដៅទី ១ បង្ក្រាបទប់ស្កាត់នៅត្រង់ចំណុចទីស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុងភូមិដូង, ទី ២ ចំណុចភូមិអូរដារ ក្នុងឃុំបឹងរាំង ស្រុកកំរៀង, ទី ៣ ត្រង់ចំណុចផ្ទះពលរដ្ឋក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងគោលដៅទី ៤ បង្ក្រាបនៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបញ្ជាក់ដែរថា ក្នុងចំណោមជនសង្ស័យទាំង ៧នាក់ មាន ១នាក់ជាស្ត្រី ទាំងអស់គ្នាមានទីលំនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ប្រតិបត្តិការបំបែកករណីផលិត ឬចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវជាច្រើននេះ កម្លាំងបង្ក្រាបកងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន ៖ រថយន្តចំនួន ០៤គ្រឿង ម៉ាកសាំយ៉ុងមួយគ្រឿង, ម៉ាក Morning ១គ្រឿង, ម៉ាក Starex ពណ៌ ទឹកប្រាក់ ១គ្រឿង, ម៉ាក Lexus RX 330 ពណ៍ស ១ គ្រឿង, ទូរស័ព្ទដៃ ចំនួន ៦ គ្រឿង, ប្រាក់បាតថៃចំនួន ៩០០០បាត, កាំភ្លើងខ្លី ម៉ាក ROLO និងម៉ាក GLOCK ចំនួន ២ដើម, គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់, គ្រាប់កាំភ្លើង ROLO ចំនួន ១៤គ្រាប់, គ្រាប់កាំភ្លើង AK ៤៧ ចំនួន ១០០០គ្រាប់, សំបកគ្រាប់បែកចំនួន ៥០គ្រាប់, គីបគ្រាប់បែកចំនួន ៥០គីប រួមទាំងវត្ថុតាងល្មើសមួយចំនួនទៀត៕

អត្ថបទ៖ដំបងក្រញូង

Share.