ក្រោយពីការរក្សាភាពស្ងៀមស្ងាត់អស់រយៈពេល៥ថ្ងៃមកនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីអារម្មណ៍ និងការដាក់ជាសំណួរទៅកាន់ប្រទេសប្រកាន់បិតាប្រជាធិបតេយ្យ និងនីតិរដ្ឋ តើសកម្មភាព នៃការយកស្បែកជើងគប់លើសម្ដេច ឫជនស៊ីវិល ជាអំពើបញ្ចេញមតិ ឫជាអំពើហិង្សា? 

ការចោទសួររបស់សម្ដេចធ្វើឡើងបន្ទាប់ពី ពលរដ្ឋខ្មែរអាមេរិកាំង លោក អ៊ុក ទូច បានយកស្បែកជើងរបស់គាត់គប់សំដៅទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងចំណោមក្រុមអ្នកគាំទ្ររបស់សម្ដេចរាប់សិបនាក់នៅឯរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកខណៈមេដឹកនាំកម្ពុជារូបនេះទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោហ៊ុនសែនបានសង្កត់ថាទង្វើយកគប់ស្បែកជើងមកលើសម្ដេចគឺសម្ដេចមិនស្នើឲ្យការដាក់ទោសទណ្ឌនោះទេប៉ុន្ដែអាស្រ័យលើច្បាប់របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្ដេចបានលើកឡើងថាប្រសិនបើគេចាត់ទង្វើការគប់ស្បែកជើងលើសម្ដេចថាជាទង្វើបញ្ចេញមតិតើអាចទេក្រុមដែលគាំទ្រសម្ដេចនឹងធ្វើការគប់ស្បែកជើងលើក្រុមប្រឆាំង?

សម្ដេចហ៊ុនសែនបានបញ្ជាក់ទៀតថាផ្អែកតាមទង្វើដែលបានធ្វើហើយ និងការផ្ដល់សម្ភាសន៍ពីលោក អ៊ុក ទូច នៅពេលបានធ្វើដំណើរដល់ប្រទេសកូរ៉េនោះ គឺទង្វើគប់ស្បែកជើងគឺមានការគិតទុកជាមុនមានន័យថាមានផែនការច្បាស់លាស់។ 

សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថា «ខ្ញុំសូមជូនសារទៅលើទិដ្ឋាភាពច្បាប់និងនយោបាយកុំភ្លេចថាភាគីអាមេរិកខ្លួនឯងដែលជាអ្នកទទួលខុសត្រូវលើសន្តិសុខតើទង្វើគប់បែបនេះជាការប៉ុនប៉ងតើអាមេរិកចាត់ទុកថានេះជាការបញ្ចេញមតិឬជាហិង្សាអាមេរិកត្រូវគិតឱ្យច្បាស់លើចំណុចនេះទូតអាមេរិកនៅភ្នំពេញនឹងបញ្ជូនសារនេះទៅកាន់រដ្ឋបាលអាមេរិករឿងនេះមិនមែនជារឿងតួចតាចទេបើជាសិទ្ធបញ្ចេញមតិនោះនៅលើពិភពលោកនេះគ្មានច្បាប់ទំលាប់ទេហើយនៅភ្នំពេញក៏អញ្ចឹងដែរនេះមិនមែនការគំរាមទេជាការជំរាបជូននោះជាការឡងវិញ ខ្ញុំមិនគាំទ្រឱ្យធ្វើទេតែក្រែងគេទប់កំហឹងអត់បានគេធ្វើតបវិញខ្ញុំមិនឱ្យអាមេរិកចាត់វិធានការផ្លូវច្បាប់លើជននេះទេ ហើយជននេះជាក្រុមជនណាពិតប្រាកដ? បើច្បាប់អាមេរិកដាក់ទោសហើយបណ្តេញមកកម្ពុជានោះយើងមិនអាចធានាបានទេអំពីសុវត្ថិភាពរបស់គាត់ខ្ញុំអត់នឹកដល់សោះតែតាមការស្មានរបស់ខ្ញុំមិនមែនអាមេរិកគេអត់យកចិត្តទុកដាក់ទេគេកំពុងធ្វើការហើយ»

សម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងដែរថាការរក្សាភាពស្ងៀមស្ងាត់មួយរយៈពេលមកនេះក៏ចង់ដឹងពីប្រតិកម្មនានាជុំវិញសកម្មភាពនៃការគប់ស្បែកជើងមកលើសម្ដេច។ 

បើទោះបីជាយ៉ាងណាក៏ដោយសម្ដេចហ៊ុនសែនបានឲ្យដឹងថា «យើងអត់សូមណូមពរឲ្យអាមេរិកចាត់វិធានការលើបុគ្គលនេះទេប៉ុន្ដែអាស្រ័យលើច្បាប់អាមេរិកតើច្បាប់អាមេរិកចាត់វិធានការបែបណាតើចាត់ទុកជាអំពើការបញ្ចេញមតិ? ប្រសិនបើចាត់ទុកជាអំពើសិទ្ធិមនុស្សសកម្មភាពនេះអាចនឹងកើតនៅកម្ពុជាតែសម្ដេចនឹងហាមមិនឲ្យមានអំពើហិង្សានោះទេ»។

គេនៅចាំបានថាអតីតប្រធានាធិបតី លោក George W. Bush  ត្រូវបានបុរសម្នាក់ជនជាតិអ៊ីរ៉ាក់ ហ្សៃឌី គប់នឹងស្បែកជើងមួយគូ តែលោកប៊ូសភ្នែកវៃ (ធ្លាប់ធ្វើទាហាន) សំណាងល្អ គេចផុតពីការវាយប្រហារ។ ការគប់នេះត្រូវបាន លោកហ្សៃឌី បញ្ជាក់ថា មកពីលោកស្អប់លោកប៊ូស ដែលបានបំផ្លាញប្រទេសរបស់លោក ។  នៅឯសេតវិមានឯណោះវិញ លោកប៊ូស បានប្រាប់ថា លោកមិនមានអារម្មណ៍ខឹងអ្នកកាសែតនោះទេ។

Share.