គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីណែនាំប្រាប់ពីនិតិវិធីត្រូវអនុវត្ត ប្រសិនបើមានបេក្ខជនលាលែង ទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាម គ.ជ.ប ការសុំលាលែង ទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ត្រូវធ្វើឡើងតាមគណបក្សនយោបាយសាមី ហើយគណបក្សនយោបាយត្រូវធ្វើលិខិតជូនដំណឹងបន្ទាន់មកគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត ឱ្យបានមុនថ្ងៃស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រសិនបើគណបក្សនយោបាយមិនបានជូនដំណឹងទេ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្តត្រូវជម្រាបទៅបក្សនោះជូនដំណឹងឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ហើយ។ តាមរយៈលទ្ធផលបឋមបណ្ដោះអាសន្ន គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្រុមប្រឹក្សឃុំ សង្កាត់ យ៉ាងច្រើនលើសលុប និងកាន់មុខតំណែងមេឃុំ ចៅសង្កាត់ ស្ទើរតែ១០០ភាគរយទៅហើយ។ បក្សផ្សេងៗទៀតបានប្រកាសទទួលយកលទ្ធផលនេះ ប៉ុន្តែក៏មានគណបក្សប្រឆាំងខ្លះបានរិះគន់បរិយាកាសនៃការបោះឆ្នោតនេះដែរ។

លោក នួន អាត បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល បានសម្ដែងការមិនពេញចិត្តចំពោះការបោះឆ្នោតដែលគណបក្សរបស់លោកទទួលបានអាសនៈក្នុងឃុំពាមឧកញ៉ាអុងតែ១អាសនៈ ខណៈក្ដីរំពឹងរបស់លោកថាយ៉ាងហោចណាស់ក៏ទទួលបាន២ទៅ៣អាសនៈដែរ។ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុវីអូអេចេញផ្សាយកាលពីថ្ងៃទី៦ ខែមិថុនាម្សិលមិញ លោក នួន អាត អះអាងថាលោកមិនធ្វើជាសមាជិកក្រុមប្រឹក្សាឃុំពាមឧកញ៉ាអុង នៅអាណត្តិទី៥នេះទេ៕

Share.