ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិត ដាវ ចូលទៅកាប់ម៉ូតូរបស់សិស្សសាលាវិទ្យាល័យជម្ពូវ័ន នៅហាងកាហ្វេ ខូចខាតអស់៥គ្រឿង ហើយគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅហាងកាហ្វេមួយកន្លែង ខាងក្រោយហាងថតរូប ល្អពេញចិត្ត ទល់មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមក្មេងសិស្សសាលា ទាំងស្រី ទាំងប្រុស មួយចំនួន ប្រមូលផ្តុំគ្នា ចូលផឹកភេសជ្ជៈ បន្លំផឹកស្រា ខ្លះជក់ទាំងបារី សិស្សស្រីក៏មានដែរ មិនចូលរៀនសូត្រ ផ្តុំគ្នាពពាក់ពពូន នៅតាមហាង ផ្ទះអ្នកលក់ ខាងក្រោយហាងផ្តិតរូបល្អពេញចិត្ត រាល់ថ្ងៃទៅហើយ ឈ្លោះគ្នាក៏សឹងរាល់ថ្ងៃដែរ មិនទាន់ឃើញមានខាងណាចាត់វិធានការ ។

ប្រភពបន្តទៀតថា ស្រាប់តែនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលមានសិស្សសាលាជម្ពូវ័ន ប្រមូលផ្តុំគ្នានៅហាងកាហ្វេ ស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិត ដាវ មិនដឹងថាមានគំនុំជាមួយបក្ខខាងណា ចូលទៅកាប់ម៉ូតូ បណ្តាលឲ្យរងខូចខាតចំនួន៥គ្រឿង ហើយក្រុមទំនើងទាំងនោះគេចខ្លួនបាត់អស់។ ក្រោយកើតហេតុ នៅល្ងាចថ្ងៃដដែលទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅសាកសួរ និងទទួលបណ្តឹងពីភាគីរងគ្រោះ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.