ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីកក្កដាសោភ័ណ្ឌ ដែលមហាជនទូទៅបានស្គាល់គ្រប់គ្នា លើបណ្ដាញសង្គមបានឱ្យដឹងថា ដំបូងឡើយខ្លួនរួមជាមួយនឹងមិត្តភក្កិ បានទៅញ៉ាំអីនៅហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ នៅពេលដែលកំពុងដើរចូលហាង ក៏មានមនុស្សធ្លាប់ស្គាល់គ្នាចំនួន 3 នាក់ ដែលជាភេទទីបីដូចខ្លួនដែរ បានហៅទៅផឹកស្រានៅតុរបស់គេ នៅពេលដែលកំពុងជល់កែវសប្បាយក្អាកក្អាយ ស្រាប់តែមានមិត្តភក្កិរបស់ជនសង្ស័យម្នាក់ទៀត បានធ្វើឲ្យទាក់ដៃមិត្តភ័ក្រ្តម្នាក់ទៀតជ្រុះទូរស័ព្ទបែកចំនួន 1 គ្រឿង  ហើយក៏ត្រូវជនសង្ស័យទាលុយពីខ្លួនចំនួន 50 ដុល្លារ។

ប្រភពដដែលបានបន្តទៀតថា  ដោយខ្លួនមិនបានធ្វើទើបមិនព្រមសងលុយ  ស្រាប់តែពួកគេទាំង 3នាក់បានប្រើប្រាស់ហិង្សាមកលើខ្លួនខ្លួន ដោយយកដៃវាយផងរួមជាមួយនិងស្បែកជើងវៃក្បាល បណ្ដាលបែកហូរឈាម រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ អតីតអ្នកធ្លាប់បួសជាសង្ឃរូបនេះបានបន្តទៀតថា កាលពី 2 ឆ្នាំមុនខ្លួនក៏ធ្លាប់ត្រូវក្រុមនេះវាយដំច្រំធាក់ម្ដងរួចមកហើយ នៅសួនច្បារវត្តបុទម ដោយមិនដឹងមូលហេតុ  តែពេលនោះខ្លួនមិនបានដាក់ពាក្យបណ្ដឹងទេដោយសារតែមើលឃើញស្ថានភាពជីវភាព របស់ពួកគេមានការខ្វះខាតខ្លាំងពេក។

ករណីហិង្សានេះ កើតឡើងនៅវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 16 ខែមិនា ឆ្នាំ 2022 នៅហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុកក្កដាសោភ័ណ្ឌ បានមកដាក់ពាក្យបណ្ដឹង ស្វែងរកយុត្តិធម៌នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ច ស្វែងរកជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

 បើតាមប្រភពព័ត៌មាន ពីមហាជនបានអោយដឹងថា ករណីប្រើប្រាស់ហិង្សាលើកក្កដាសោភ័ណ្ឌនេះ អាចបណ្ដាលមកពីការដណ្ដើមសង្សារគ្នាដែលជាបុរសក្មេងក្មេង ពីព្រោះកន្លងមកភាគីទាំងពីរតែងតែផ្ចាញ់ផ្ចាល់គ្នារឿង ប្រុសក្មេង។

Share.