បាត់ដំបង÷ យុវជនលក់អនឡាញម្នាក់លេបថ្នាំសម្លាប់ខ្លួននៅក្នុងបន្ទប់ ហើយបន្សល់ទុកនូវសំបុត្រមួយសរសេរថា ហត់នឿយហើយចង់សម្រាក និងឲ្យយកគេទៅដាក់ជិតផ្នូរឳពុកផង។

ករណីធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួននេះបានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឋិតនៅត្រង់ចំណុចបុរីរតន: ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅទីតាំងកើតហេតុនគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះម៉េង ហុង ភេទប្រុស អាយុ១៨ឆ្មាំ ជាក្មេងកំព្រាបានរស់នៅក្នុងភូមិ-សង្កាត់កន្លែងកើតហេតុខាងជាមួយមិត្តភក្តិរាប់អានគ្នាដូចបងប្អូនបង្កើត មានមុខរបរលក់ផ្លែឈើ លក់ទឹកអប់ប្រេងម្សៅតាម online ។ សាកសពជនរងគ្រោះឋិតក្នុងសភាពហើម និងរលួយ ហើយបានលេបថ្នាំងងុយដេកអស់ប្រមាណជា ៥០គគ្រាប់ និងនៅក្បែរសាកសពបានបន្សល់ទុកនូវកូនសំបុត្រពណ៌ លឿងមួយ សរសេរប្រាប់ម្ចាស់ផ្ទះថា ចែលី ឲ្យខ្ញុំសុំទោស ខ្ញុំរស់នៅជាមួយចែ រីករាយណាស់ ខ្ញុំហត់ហើយខ្ញុំចង់សម្រាក។

សាច់ញាតិយុវជន ជនរងគ្រោះបានអះអាងថា ជនរងគ្រោះអាចលេបថ្នាំសម្លាប់ខ្លួននៅអំឡុង យប់ថ្ងៃទៅ១៦ មិថុនា ព្រោះពេលរសៀលគាត់បានទូរស័ព្ទជួបគ្នា ក្រោយប៉ុន្មានម៉ោងជនរងគ្រោះបានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្តាំម៉ែធម៌ថាឲ្យមកយករូបគេទៅដាក់ជិតផ្នូររបស់ឳពុកខ្លួនផង។

ករណីខាងលើក្រោយសមត្ថកិច្ច ជាមួយនឹងគ្រូពេទ្យជំនាញចុះពិនិត្យធ្វើកោសល្យវិច្ឆ័យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារលេបថ្នាំងងុយដេកលើសកម្រិត អស់ចំនួនជាង ៥០គ្រាប់នៅក្នុងបន្ទប់ដេកតែម្នាក់ឯង លុះម្ចាស់ផ្ទះមកពីចម្ការទុរេន នៅស្រុកសំឡូត ទើបធុំក្លិន ហើយភ្ញាក់ផ្អើលឡើងតែម្តង៕

អត្ថបទ៖ ដំបង​ក្រញូង

Share.