ភ្នំពេញ ៖ គណៈបញ្ជាការឯភាពខណ្ឌដូនពេញបានចុះរៀបចំសណ្ដាប់ធ្នាប់ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចសួនមុខវត្តបុទុម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលតែងតែមានក្រុមក្មេងទំនើងប្រមូលផ្ដុំជួបជុំគ្នាផឹកស៊ី និងវាយកាប់ចាក់គ្នា បង្កភាពអនាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់នាំយកទៅធ្វើការអប់រំ។

អាជ្ញាធរបានប្រាប់អោយដឹងថា ការចុះរៀបចំសណ្ដាប់តាមសួនមុខវុត្តបុទុមនេះ ដោយទទួលបានបទបញ្ជារបស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងក្មេងទំនើងក្មេងស្ទាវជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារមុខវត្តបុទុម ដែលតែងតែវាយតប់គ្នារងរបួសស្នាម លួច ឆក់ ប្លន់ជាដើមបង្កអសន្តិសុខក្នុងមូលដ្ឋាន។

ប្រតិបត្តិការចុះរៀចំសណ្ដាប់ធ្នាប់ខាងលើនេះដែរ អាជ្ញាធរមានសត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៥១នាក់ រួមទាំងភេទទី៣ផង ក្នុងនោះស្រី១៧នាក់ ប្រុស៣៤នាក់ ភេទទី៣ ០១នាក់ ម៉ូតូ១៩គ្រឿង កង់បី០៥គ្រឿង បញ្ជូនមករដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនំារួចអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ។

អត្ថបទ៖ សេង សាវី

Share.