បាត់ដំបង÷ សមត្ថកិច្ចព្រំដែនបង្ក្រាបឃាត់ខ្លួនមេខ្យល់ ២នាក់ ប្រុងនាំពលករឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។

នគរបាលជំនាញបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងរវាងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំ​ពៅលូន សហការជា​មួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងវរ​សេ​នា​តូច៥៣៣ ប្រចាំការតាមខ្សែបន្ទាត់​ព្រំដែ​ន កាលពី
យប់ថ្ងៃទី២៩ ឈា​នចូលថ្ងៃទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០​២២​ នៅ​ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី០៧ ភូមិក្នុងគីឡូ​១​៣ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ មឿន មាន ភេទប្រុ​ស អាយុ ៣៧ ឆ្នាំ និងឈ្មោះមឿន រដ្ឋា ភេទប្រុ​ស អាយុ ២៩ ឆ្នាំ អ្នកទាំង ២នាក់មានទីលំនៅនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបន្តដែរថា÷ ក្រុមជនសង្ស័យមុនពេលបង្ក្រាបបាន បានធ្វើសកម្មភាពទាក់ទង​នាំពលករចំនួន ៥នាក់​ មកពីនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបម្រុងឆ្លងដែន​ពី​ប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីប្រទេសថៃ ដោយខុសច្បាប់​ ក្នុងកម្រៃប្រាក់ឈ្នួលក្នុងម្នាក់ៗចំនួន ៦០.០០០ រៀល។

ករណីដដែលនេះសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា÷ ប្រតិបត្តិការបង្ក្រាបការលួចឆ្លងដែននេះមិនត្រឹមតែទប់ស្កាត់ទង្វើខុសច្បាប់ប៉ុណ្ណោះទេ លើសពីនេះក៏ជាវិធានការទប់ស្កាប់ការរាលឆ្លងនូវជំងឺកូវីដ-១៩ផងដែរ ខណ:ប្រទេសថៃកំពុងបន្តរាលឆ្លងគំហុកនៅឡើយ។ សំណុំរឿងខាងលើការិយាល័យជំនាញកំពុងអនុវត្តតាមនីតិវិធី ចំណែកឯពលករចំនួន ៥នាក់បានអប់រំហើយឲ្យវិលទៅមូលកាន់មូលដ្ឋានវិញ​៕

អត្ថបទ÷ដំបងក្រញូង

Share.