បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ បន្ទាប់ពីលួចកាច់កម៉ូតូបានសម្រេច ត្រូវតែអស់ល័ក្ខត្រង់ម៉ូតូបានភ្ជាប់ GPS ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី០២ខែកក្តដា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យទី១.ឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ និងទី២.ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទាប់ជួលក្នុងសង្កាត់ផ្សារកណ្តាល ក្ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាមថាមានចោរកាច់កម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ មានផ្លាកលេខ បាត់ដំបង 1AF-8726 ដោយម៉ូតូបានភ្ជាប់GPS ឃើញថាជនសង្ស័យបានយកម៉ូតូទុកនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានដាក់កម្លាំងជំនាញចុះឃាត់ខ្លួនជនសង្ស័យបាន០២នាក់ និងដកហូតបានម៉ូតូ២គ្រឿងបន្ថែមទៀត ម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានស្លាកលេខ និងឧបករណ៍ ដូចជាសោរ ដែកកាប់ ស្នាប់ដៃ និងដែកកេសឧបករណ៍កែច្នៃមួយចំនួន។លោកអធិការបានបញ្ជាក់ថា ពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារម្តងដែរពាក់ព័ន្ធករណីគ្រឿងញៀន។ ម៉ូតូចំនួន២គ្រឿងដែលជនសង្ស័យបានលួច ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ចំណែកម៉ូតូជនសង្ស័យម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានស្លាកលេខ និងជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ÷ប៉ោយប៉ែត

Share.