លោក ហេងរតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា កម្លាំងសុីម៉ាក់ប្រតិបតិ្តការបេីកផ្លូវ និងត្រួតពិនិត្យសុវត្ថិភាពចំណុចគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនស្លាប់ប្រជាពលរដ្ឋម្នាក់ និងរបួសធ្ងន់ម្នាក់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត នោះកាលល្ងាចមិញនិងព្រឹកថ្ងៃទី២៨ ខែឧសភាម្សិលមិញ។

ទន្ទឹមនឹងការផ្ទុះមីនតោនខាងលើនេះ កម្លាំងស៊ីម៉ាក់ក៏បានរកឃេីញគ្រាប់មីនតោននៅក្បែរៗជាប់នឹងកន្លែងផ្ទុះនោះ ចំនួន២គ្រាប់ និងគ្រាប់មីនប្រឆាំងមនុស្សចំនួន៨គ្រាប់ទៀត។ គ្រាប់មីនតោនទាំង២គ្រាប់ សុទ្ធតែដាក់គ្រាប់មីនប្រឆាំងមនុស្សបង្កៃពីខាងលេីដេីម្បីងាយបង្កផ្ទុះ ដែលនេះជាបច្ចេកទេសយកគ្រាប់មីនតោនបន្ទុះសម្លាប់មនុស្សដេីរជាន់តែម្តង។ គ្រាប់មីនទាំងអស់នេះជាសំណល់ពីសង្គ្រាម។
លោក ហេង រតនា បានលើកឡើងទៀតថា អ្វីដែលជាសំណាងល្អដែរនោះ គឺបងប្អូនប្រជាពលរដ្ឋចូលទៅជួយសង្គ្រោះជនរងគ្រោះ ប្រថុយនឹងគ្រោះថ្នាក់ណាស់ ហេីយនេះជាយុទ្ធសាស្ត្រដាក់មីនហ៊ុំពន្ធ័ ដេីម្បីឱ្យសម្លាប់ និងបង្ករបួសមនុស្សច្រេីននាក់ បេីឃេីញអ្នកណាម្នាក់ផ្ទុះគ្រោះថ្នាក់ហេីយ ហេីយមានអ្នកណាហ៊ានចូលទៅជួយនោះរងគ្រោះ ថ្នាក់បន្តទៀត។ «នេះហេីយសង្គ្រាមគឺរិ:រកគ្រប់មធ្យោបាយនិងបច្ចេកទេសដេីម្បីបង្កឧបសគ្គ និងសម្លាប់សត្រូវឱ្យអស់លទ្ធភាព»។

«ពិតជាសោកស្តាយចំពោះទឹកដីសំឡូតដ៍ស្រស់ស្អាត និងដីសំបូរជីជាតិណាស់ តែអកុសលនឹងគ្រាប់មីនច្រេីនហួសប្រមាណ»។ នេះជាការលើកឡើងរបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅលើផេកផ្ទាល់ខ្លូនរបស់លោក កាលពីថ្ងៃទី២៨ ខែឧសភា ២០២១ ម្សិលមិញនេះ៕


