បន្ទាប់ពីមានការដកខ្លួនពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ និងក្រុមខេត្តត្បូងឃ្មុំ ក្រុមដែលនៅសល់ និងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដំឡើងក្រុមអគ្គិសនីកម្ពុជា និងនគរបាលជាតិឡើងទៅកាន់វគ្គ១៦ក្រុម ថ្នាក់ជាតិ ដោយស្វ័យប្រវត្តិ។

ការសម្រេចបញ្ជូនក្រុមទាំង២ទៅកាន់ដំណាក់កាលខ្ពស់បំផុតនេះ ក៏ព្រោះតែពួកគេឈរលេខ១ និងលេខ២ ក្នុងតារាងចំណាត់ថ្នាក់ Cambodian League 2 មុនចាប់ផ្ដើមការប្រកួតជុំដំបូង វគ្គជម្រុះថ្នាក់ជាតិ ពានសម្ដេចតេជោ ហ៊ុន សែន។

គិតត្រឹមពេលនេះ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០២២ វគ្គជម្រុះថ្នាក់ជាតិ ដែលមាន៦គូ បានបញ្ចប់ការប្រកួតជើងទី១ហើយ ខណៈជើងទី២ នឹងចាប់ផ្ដើមពីថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកក្កដា។

ដោយឡែកក្រុមអាស៊ីអឺរ៉ុបយូណាយធីត និងភ្នំពេញហ្គាឡាក់ស៊ី ត្រូវប្រកួតជើងទី២ នៅថ្ងៃទី២០ ខែកក្កដា។គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់រដូវកាល២០២២ ត្រូវបានបែងចែកជា៣ដំណាក់កាលជាលើកដំបូងដែលមានការប្រកួតថ្នាក់ខេត្ត, ជម្រុះថ្នាក់ជាតិ និងថ្នាក់ជាតិ។

សម្រាប់ការប្រកួតថ្នាក់ជាតិនឹងធ្វើឡើងដោយមានក្រុមចំនួន៨ឡើងពីជម្រុះថ្នាក់ជាតិ បូកជាមួយក្រុមចំនួន៨នៅ Cambodian Premier League ហើយចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៦ ខែតុលា៕

Share.