ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបំពេញទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ ទស្សនកិច្ចការងារនេះ មានគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួមគ្នា និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាបន្ន។
ជាការចាប់ផ្តើមនៃទស្សនកិច្ចនេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូស របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មុននឹងចូលជួបសម្តែងការគួរសម ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៅទីក្រុងណៃពីដោរ។
ដោយមានកិច្ចកិច្ចប្រជុំព្រមព្រៀង៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ានជាមគ្គទ្ទេសក៏រួម ក្រសួងការបរទេសកម្ពុជាបានប្រកាសឱ្យដឹងថានៅក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបច្ចុប្បន្នភាពស្ថានភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តឯកសារដ៏សំខាន់នេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីស្ថានភាពសន្តិសុខបច្ចុប្បន្ន ដូចជាអំពើហិង្សា អំពើឃោរឃៅ និងការបំភិតបំភ័យលើប្រជាជនស្លូតត្រង់ និងបាននជូនដំណឹងអំពីការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសម្រាប់ប្រជាជន និងឆន្ទៈរបស់ ឯកឧត្តម ក្នុងការចូលរួមដោយផ្ទាល់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ ឯកឧត្តម វ៉ុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវសារទំនាក់ទំនងចំនួនពីរធ្វើឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើឱ្យបញ្ជូនលោកស្រី អ៊ោង សានស៊ូជីត្រឡប់ទៅធ្វើការឃុំខ្លួន ក្នុងផ្ទះវិញ។ ប្រេសិតពិសេសបានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់អំពើហិង្សា និងសូមគាំទ្រការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងមិនលម្អៀងទៅកាន់តំបន់ដែលពិបាកទៅដល់ ព្រមទាំងស្នើឱ្យមានការដោះលែងអ្នកទោស និងរៀបចំឱ្យមានជំនួបជាមួយបុគ្គលមួយចំនួន រួមទាំងលោកស្រី អោង សានស៊ូជី និងលោកស្រី ស៊ូស៊ូល្វីន។
ជាការឆ្លើយបឯកឧត្តមប្រេសិតពិសេស បានទទួលការជម្រាបជូន ពី ឯកឧត្តម វ៉ុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ថា លោកស្រី ស៊ូស៊ូល្វីន មិនអាចជួបប្រេសិតពិសេសបានទេ ដោយសារតែស្ថានភាពសុខភាព ខណៈដែលករណីរបស់លោកស្រី អោង សានស៊ូជី កំពុងស្ថិតក្រោមនីតិវិធីតុលាការនៅឡើយ។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិនិងការបង្កើតសន្តិភាព (NSPNC)។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈនានា រួមទាំងវិធីសាស្រ្តក្នុងការចូលរួមបន្ថែមទៀតជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) និងតួនាទីរបស់គណៈកម្មាធិការក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនមីយ៉ាន់ម៉ា។
ឯកឧត្តមនាយឧត្តមសេនីយ៍ឯក យ៉ា ព្យេ បានសម្តែងនូវឆន្ទៈសហការ និងស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដើម្បីក្លាយជាសមាជិកហត្ថលេខីនៃ NCA ដែលមានស្រាប់។ ប្រេសិតពិសេសបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយជោគជ័យ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងឯកភាពនៃកងទ័ពជាតិ។
នៅថ្ងៃចុងក្រោយនៃទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបជាមួយតំណាងគណបក្សនយោបាយចំនួនប្រាំពីរនៅមីយ៉ាន់ម៉ា ដែលបានឈ្នះអាសនៈក្នុងការបោះឆ្នោតឆ្នាំ២០២០។ គណបក្សនយោបាយទាំងនោះ បានរាយការណ៍សង្ខេបជូនប្រេសិតពិសេសអំពីការវិវត្តនៃស្ថានការណ៍នយោបាយ និងមនុស្សធម៌ក្នុងរដ្ឋ និងតំបន់នីមួយៗ។ ពួកគេទាំងអស់សុទ្ធតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃអំពើហិង្សាលើជនស៊ីវិល រួមទាំងការដុតបំផ្លាញផ្ទះសម្បែងតាមភូមិ ដោយគ្មានអង្គការចាត់តាំងណាមួយទទួលខុសត្រូវច្បាស់លាស់ឡើយ។
ក្រសួងការបរទេសបានពិពណ៌នាថា បណ្ដាគណបក្សនយោបាយទាំងនោះ ពួកគេក៏មានសេចក្តីប្រាថ្នារួមចង់បានសន្តិភាព និងអហិង្សា ហើយគណបក្សនយោបាយមួយចំនួនបានជម្រាបអង្គប្រជុំអំពីវិធីដែលពួកគេបានជួយដល់ជនភៀសខ្លួនផ្ទៃក្នុង (IDPs) ដែលមកពីតំបន់ផ្សេងទៀតផងដែរ។ គណបក្សទាំងនោះបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់ទៅកាន់តំបន់របស់គាត់រៀងៗខ្លួន។
ឯកឧត្តមប្រេសិតពិសេសបានជម្រាបអង្គប្រចាំពីវឌ្ឍនភាពនៃកិច្ចព្រមព្រៀងទាំង៥ចំណុច និងការតាមដានចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ហើយឯកឧត្តមបានសម្តែងការប្តេជ្ញាចិត្តក្នុងការជួយពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយ។
មុននឹងបញ្ចប់បេសកកម្ម ប្រេសិតពិសេសបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Christian Lechervy ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង; ឯកឧត្តម Thomas L. Vajda ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក; ឯកឧត្តម Ranieri Sabatucci ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប; និងលោកស្រី Angela Corcoran ភារធារីនៃស្ថានទូតអូស្ត្រាលី។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃ 5PC និងការវាយតម្លៃលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងផ្នែកមនុស្សធម៌ ជាពិសេសសារទំនាក់ទំនងចំនួនពីរនាពេលថ្មីៗ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើផ្ទេរលោកស្រី អោង សានស៊ូជី ឱ្យត្រឡប់ទៅឃុំនៅក្នុងផ្ទះវិញ៕