សម្រាប់​ប្រជាជន​ខ្មែរ​យើង ជា​ពិសេស​ចាស់ៗ ចូលចិត្ត​ណាស់ ​វិធី​កោស​ខ្យល់​នៅ​ខ្នង ហើយ​លើ​ទ្រូង ដើម្បី​បំបាត់​អាការៈ​អត់​ស្រួល​ខ្លួន​មួយ​ចំនួន​ដោយ​មិន​ចាំបាច់​ចាយ​លុយ​ទិញ​ថ្នាំ។ មាន​ចាស់ៗ​មួយ​ចំនួន និយម​កោស​ខ្យល់​នៅ​កញ្ចឹងក ពេល​ដែល​ឈឺ​ក្បាល តើ​វិធី​បំបាត់​ការ​ឈឺ​ក្បាល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អត់?

យោតាមតាមផេក វេជ្ជបណ្ឌិត កម្ពុជា បានដកស្រង់ប្រសាសន៍របស់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​ ​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ជា​សញ្ញា​មួយ​ដែល​ទាក់​ទង​នឹង​ជំងឺ​ជា​ច្រើន​ ដូច​ជា លើស​ឈាម​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​ជាមុន​សិន។ ការ​ដែល​ចាស់ៗ​មួយ​ចំនួន​និយម​កោស​ខ្យល់​នៅ​កញ្ចឹង​ក ពេល​ឈឺ​ក្បាល គឺ​អាច​ធ្វើ​ឲ្យ​គាត់​បាត់​ការ​ឈឺ​ចាប់​ក៏​ពិត​មែន តែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ​ដូច​ជា ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រសិន​បើ​គាត់​មិន​បាន​តាម​ដាន​សម្ពាធ​ឈាម​ត្រឹម​ត្រូវ។

តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ឈឺ​អី​តិច​តួច​គឺ​និយម​កោស​ខ្យល់​នេះ។“តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ​ឈឺ​អី​ក៏​ដោយ យើង​គួរ​តែ​ទៅ​រក​ពេទ្យ​ពិនិត្យ​ត្រឹម​ត្រូវ និងលេបថ្នាំ​​តាម​មុខ​ជំងឺ​ ទើប​ជា​ការ​ល្អ”។

ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯក​ទេស​ផ្នែក​ទូទៅ ការ​កោស​ខ្យល់​មិន​មែន​ជា​វិធី​ល្អ​ទេ បូក​រួម​ទាំងវត្ថុ​ធាតុ​ដើម​ដែល​ប្រើ​រួម​មាន​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ហើយ​ការ​កោស​ខ្យល់​មិន​មែន​ចេះ​តែ​កោស​ៗ​ទេ អ្នក​ដែល​មាន​ជំងឺ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ មិន​គួរ​កោស​ខ្យល់​ឲ្យ​ទេ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​លើស​ដើម។

ត្រួតពិនិត្យដោយ: Dr.ចាន់ ស៊ីណេត
អត្ថបទ៖ នាង សុខុមដាលីញ៉ា Medical news for Cambodia

Share.