ថ្លែងក្នុងពិធីបិទសន្និបាតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញមុខពន្យល់អំពីទិដ្ឋភាពច្បាប់ និងធាតុសត្យានុម័ត នៅក្នុងដំណើរការជ្រើសរើសថ្នាក់ដឹកនាំស្ថាប័នរៀបចំការបោះឆ្នោត ដែលជាស្ថាប័នព្យាក្រឹត្យ។ សម្ដេចក្រឡាហោមមិនគាំទ្រឡើយចំពោះទស្សនៈដែលថាថ្នាក់ដឹកនាំ គ.ជ.ប មានប្រភពចេញមកពីមនុស្សមិនអព្យាក្រឹត្យ។

ការត្រឡប់ទៅលើកឡើងអំពីប្រធានបទនេះ ត្រូវបានសម្ដេច ស ខេង អះអាងថា ដោយសារថ្មីៗនេះ មានការលើកឡើងអំពីសំណួរខ្លះៗទាក់ទងនឹងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បើតាមសម្ដេច រឿងប្រភពប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬក៏អាចរហូតថាដល់មន្រ្តីនៅក្នុងស្ថាប័ននេះ មិនមែនជារឿងដែលត្រូវខ្វល់នោះទេ មូលហេតុគឺដោយសារកម្ពុជា បានប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ។

ភ្ជាប់នឹងការលើកឡើងខាងលើ សម្ដេចបានបន្តផ្ដល់ការពន្យល់ដោយចាទជាសំណួរថា« តើយើងអាចទៅរកមនុស្សអព្យាក្រឹត្យដែលគ្មាន[ជាប់ពាក់ព័ន្ធ]គណបក្សនយោបាយហ្នុងបានទេ? បុកអង្ករដើររក ប្រហែលក៏លំបាកដែរ។ អ៊ីចឹង[អ្នកទាំងនោះ]ត្រូវមានប្រភពដើមពីបក្សនេះបក្សនោះ និន្នាការឆ្វេង និន្នាការស្ដាំ គ្រប់ពណ៌សំបុរមក ចៀសមិនផុតទេ។ វាអត់សំខាន់អ្វី[នឹងប្រភពនិន្នាការទេ]ដោយសារច្បាប់រដ្ឋធម្មនុញ្ញយើងចែងអ៊ីចឹង។ ប៉ុន្តែដល់តែពេលចូលមក គ.ជ.ប គឺនៅក្នុងច្បាប់គេបានចែងអស់ហើយ[…]ចូលមកត្រូវគោរពក្របខណ្ឌច្បាប់មួយ»។

បើតាមសម្ដេចក្រឡាហោម គឺការអនុវត្តច្បាប់តាមបន្ទាត់មួយក្នុងក្របខណ្ឌតួនាទី សិទ្ធិអំណាចរបស់ថ្នាក់ដឹកនាំនិងមន្រ្តីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទើបជារឿងសំខាន់ ដើម្បីវាស់ស្ទង់ថាតើថ្នាក់ដឹកនាំ ឬមន្រ្តីស្ថាប័នរៀបចំការបោះឆ្នោតទាំងនោះបានអនុវត្តតួនាទី ឬភារកិច្ចត្រឹមត្រូវឬមិនត្រូវ។

សូមបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មានថ្នាក់ដឹកនាំកំពូលចំនួន៩រូប ក្នុងនោះ៤រូបមានប្រភេពចេញពីគណបក្សសំឡេងភាគច្រើនក្នុងរដ្ឋសភា ៤រូបមានប្រភពចេញពីគណបក្សមានសំឡេងភាគតិចនៅរដ្ឋសភា និងមួយរូបទៀតមានប្រភពចេញពីបុគ្គលឯករាជ្យ៕

Share.