សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម បានទៅដល់ស្ថាប័នរដ្ឋសភាហើយ ដោយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិនិត្យ។ របៀបវារៈនេះ ស្ថិតក្នុងចំណោមរបៀបវារៈ៣។ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ត្រូវបានស្នើធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។បង្កើតឡើងដោយសភាធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតនីតិកាលទី១។

រដ្ឋធម្មនុញ្ញ មាន១៧ជំពូក ១៦០មាត្រា។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​, សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ​, សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច​,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។ 

គួរកត់សម្គាល់ដែរថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ៩លើក • វិសោធនកម្មលើកទី១ ដើម្បីធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី • វិសោធនកម្មលើកទី២ ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា • វិសោធនកម្មលើកទី៣ ដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ • វិសោធនកម្មលើកទី៤ ដើម្បីកែសម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភាដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ • វិសោធនកម្មលើកទី៥ ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល។

ដោយឡែកវិសោធនកម្ម៤លើកចុងក្រោយទៀត រួមមានវិសោធនកម្មលើកទី៦ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជា• វិសោធនកម្មលើកទី៧ ដើម្បីផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត• វិសោធនកម្មលើកទី៨ ដើម្បីលើកស្ទួយនូវតម្លៃជាតិខ្មែរក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងវិសោធនកម្មលើកទី៩ ដើម្បីកំណត់សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»​សម្រាប់ឥស្សរជនកាន់មុខតំណែងនាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ការវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០នេះ បើតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល វិសោធនកម្មនេះ មានគោលបំណងធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និង ស្ថេរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

Share.